ភ្នំពេញ÷ ក្នុងឪកាសថ្ងៃចូលឆ្នាំចិននេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការអំនាវចូលរួមទប់ស្កាត់ការពារការចម្លងជំងឺកូវីដ១៩ ទាំងអស់គ្នា តាមរយៈការអនុវត្តតាមការណែនាំរបស់ក្រសូងសុខាភិបាល។
តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១នេះ សម្ដេចបានលើកឡើងយ៉ាងដូច្នេះថា “ជូនពរថ្ងៃចូលឆ្នាំចិន Gong Xi Fa Cai 2021 ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិនថ្ងៃនេះ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន… ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើងដោយការធ្វេសប្រហែសណាមួយដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ។ សូមចូលរួមទប់ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នា តាមរយៈការអនុវត្តតាមការណែនាំរបស់ក្រសូងសុខាភិបាល”។
សម្ដេចបន្តថា ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកប្រជែងយកលឿនតែខ្លួនឯង កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។
ជាមួយគ្នានោះដែរ សម្ដេច និងភរិយាក៏បាន ជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ជោគជ័យ និងហេងហេងគ្រប់ៗគ្នាចាប់ពីក្នុងថ្ងៃចូលឆ្នាំចិន ២០២១ នេះតទៅ៕