ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ថ្ងៃដំបូងនៃដំណើរការ យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ១៩ មានថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មាន ៣៣៩នាក់ (ស្រី ៧៥នាក់) ទទួលបានវ៉ាក់សាំងនេះ។
លោកស្រី ឱ វណ្ណឌីន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី១០ កុម្ភ:ថា សរុបអ្នកមកចាក់នៅថ្ងៃទី១០ កុម្ភ: មាន ៤២៥នាក់ (ស្រី ១០៤នាក់) ប៉ុន្តែក្នុងនោះអ្នកបានចាក់វ៉ាក់សាំងរួចមាន ៣៣៩នាក់ (ស្រី ៧៥នាក់) និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាត្តឲ្យចាក់មាន ៨៦នាក់ (ស្រី ២៩នាក់)។
សូមបញ្ជាក់ថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរៀបចម្ការចាក់វ៉ាក់សាំង Sinopharm របស់ចិន បង្ការជំងឺកូវីដ១៩ ជូនឥស្សរជនជាន់ខ្ពស់ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១តទៅ នៅទីតាំងមន្ទីរពេទ្យចំនួន៤គឺ៖
១៖ មន្ទីរពេទ្យកាល់ម៉ែត (សាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤) សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋាន:ស្មើ
២៖ មន្ទីរពេទ្យព្រះអង្គឌួង (សាស្ត្រាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨) សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋាន:ស្មើ
៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (សាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨) សម្រាប់ឥស្សរជនជាអភិបាល នៃគណ:អភិបាលរាជធានី-ខេត្ត
៤៖ មន្ទីរពេទ្យកុមារជាតិ (សាស្ត្រាចារ្យ ញឹប អង្គាបុស្ស ០១១ ៨១១ ១៣២) សម្រាប់អ្នកសារព័ត៌មាន៕


