ភ្នំពេញ៖ ដោយមានការយល់ព្រម ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១២ កុម្ភៈនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសអនុញ្ញាតឲ្យប្រើប្រាស់ វ៉ាក់សាំងការពារកូវីដ១៩ Sinovac របស់ចិន និង AstraZeneca របស់អង់គ្លេស ក្នុងលក្ខខណ្ឌប្រើប្រាស់បន្ទាន់។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បញ្ជាក់ថា «ដោយទទួលការយល់ព្រមដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា អនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការនូវវ៉ាក់សាំង Sinovac’s COVID-19 ផលិតដោយសាធារណរដ្ឋប្រជាមានិតចិន និង AstraZeneca’s COVID-19 របស់ប្រទេសអង់គ្លេស។ វ៉ាក់សាំងទាំង២នេះ ត្រូវបានប្រើប្រាស់ប្រកបដោយសុវត្ថិភាព នៅក្នុងប្រទេសចិន និងចក្រភពអង់គ្លេស ព្រមទាំងបណ្តាប្រទេសមួយចំនួន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់។ វ៉ាក់សាំងទាំង២នេះ ត្រូវបានដាក់ឲ្យអនុវត្តតាមពិធីសារ ស្តីពីសុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ របស់រាជរដ្ឋាភិបាល ចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ»។
សូមរំលឹកថា គិតមកដល់ពេលនេះ កម្ពុជា បានអនុញ្ញាតឲ្យប្រើប្រាស់ វ៉ាក់សាំងការពារកូវីដ១៩ចំនួន ៣ហើយ គឺវ៉ាក់សាំង Sinopham, Sinovac របស់ចិន និង AstraZeneca របស់អង់គ្លេស ។ គួរឲ្យដឹងផងដែរថា រយៈពេល២ថ្ងៃ នៃមានអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តចំនួន ៨៦៧នាក់ ក្នុងនោះចាក់រួច ៧៨១នាក់ និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានចំនួន ៣០១នាក់ ៕