ប្រទះឃើញសត្វរំពេទន្លេជិត ៧០ក្បាល នៅតាមតំបន់ទន្លេមេគង្គ រវាងខេត្តក្រចេះ និងស្ទឹងត្រែង

0
7

ភ្នំពេញ៖ ក្រុមអ្នកវិទ្យាសាស្ត្រ បានប្រទះឃើញសត្វរំពេ ទន្លេសរុបចំនួន ៦៨ ក្បាល ក្នុងអំឡុងពេលចាប់ផ្តើមសិក្សាចំនួនសត្វបក្សី នៅតាមតំបន់ទន្លេមេគង្គរវាងខេត្តក្រចេះ ស្ទឹងត្រែង និងព្រំប្រទល់ប្រទេសឡាវ ក្នុងដើមខែកុម្ភ: ឆ្នាំ២០២១។

យោងតាមហ្វេសប៊ុក ក្រសួងបរិស្ថាន នៅថ្ងៃទី១៣ កុម្ភ:នេះ បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្របានឃើញវត្តមាន របស់សត្វរំពេទន្លេដ៏អស្ចារ្យទាំងនេះ កំពុងប្រើប្រាស់ថ្មប៉ប្រះទឹកជាទ្រនំដើម្បីចាប់ត្រី ខណ:ដែលសត្វរំពេខ្លះទៀត កំពុងតែហើរក្រឡឹងចុះឡើង តាមឆ្នេរខ្សាច់ដែលជាទីជម្រក ធម្មជាតិរបស់ពួកវា ដើម្បីបន្តពូជ។ ខណ:ពេលនេះ រដូវបន្តពូជរបស់សត្វរំពេទន្លេ បានចាប់ផ្តើមហើយ។

លោក អៀម សំអ៊ន់ អ្នកទទួលបន្ទុកផ្នែកស្រាវជ្រាវនិងតាមដានជីវ:ចម្រុះ ប្រចាំតំបន់ទន្លេមេគង្គនៃអង្គការ WWF បានថ្លែងថា “សត្វរំពេទន្លេជាប្រភេទបក្សីមានមាឌមធ្យម មានកន្ទុយចំពាម ក្បាលខ្មៅ ពោះស ហើយភាគច្រើនត្រូវបានគេប្រទះឃើញក្នុងរដូវកាលបន្តពូជរបស់ពួកវា ដែលចាប់ផ្តើមពីខែមករាដល់ខែឧសភា”។

លោកបានបន្ថែមទៀតថា “ចំនួនសត្វរំពេទន្លេដែលបានប្រទះឃើញ ពេលនេះមានចំនួនច្រើនជាងចំនួន ដែលបានប្រទះឃើញកាលពីឆ្នាំមុន ដែលពេលនោះឃើញសត្វរំពេទន្លេមានតែ ៦៤ក្បាល ប៉ុណ្ណោះ”។

ចំនួនបក្សីនេះមានកំណើនទ្វេដង ក្នុងរយ:ពេលប្រាំឆ្នាំ ដែលកើនពី ៣១ក្បាល ក្នុងឆ្នាំ២០១៦ ដល់ ៦៨ ក្បាល ក្នុងដើមឆ្នាំ២០២១។ សត្វរំពេទន្លេជាប្រភេទបក្សីមួយ ដ៏កម្របំផុតក្នុងចំណោមប្រភេទបក្សី កម្រក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងប្រទេសកម្ពុជា សត្វរំពេ ទន្លេបានធ្លាក់ចុះ ៨០% ក្នុងរយ:ពេល ២០ ឆ្នាំកន្លងទៅ ដែលមានចំនួនប៉ាន់ប្រមាណ សរុបទូទាំងប្រទេសចន្លោះពី ៥៤ ដល់ ៦២ ក្បាល ប៉ុណ្ណោះ ក្នុងឆ្នាំ២០១៨។ បក្សីនេះស្ថិតក្នុងបញ្ជីក្រហមនៃប្រភេទសត្វ “ងាយរងគ្រោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here