នាវាវែសស្ទឺដាមចាកចេញ តែវ៉ាក់សាំងកូវីដ-១៩ ចូលមកដល់កម្ពុជាដែលបានផ្តល់នូវក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅជូន សម្តេចតេជោ សែន

0
7

ភ្នំពេញ៖ ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ ជាថ្ងៃនៃក្តីស្រឡាញ់ ដែលក្រុមគ្រូពេទ្យ និងប្រជាជនកម្ពុជានៅទូទាំងប្រទេស បានសំដែងនូវសេចក្តីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយនឹងខួបមួយឆ្នាំនៃនាវាវែសស្ទឺដាមដែលបានចូលសំចតនៅកម្ពុជា ខណ:ពេលដែលវ៉ាក់សាំងកូវីដ-១៩ ក៏បានមកដល់កម្ពុជានៅពេលនេះ ក្រោមកណ្តាប់ដៃដែក សម្តេចតេជោ សែន ៖

ថ្ងៃនេះ គឺជាថ្ងៃនៃក្តីស្រឡាញ់ ដែលក្រុមគ្រូពេទ្យ និងប្រជាជនកម្ពុជានៅទូទាំងប្រទេស សូមគោរពជូននូវសេចក្តីគោរពស្រឡាញ់ និងដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ដែលបានរំដោះប្រទេសជាតិ នាំមកនូវសុខសន្តិភាព ការបង្រួមបង្រួមជាតិ និងការអភិវឌ្ឍប្រទេសជាតិរីកចម្រើន ក្រោមគោលនយោបាយ “ឈ្នះ-ឈ្នះ” របស់ សម្តេចតេជោ។ លើសពីនេះ អ្វីដែលគួរឲ្យគោរព និងកោតសរសើរយ៉ាងក្រៃលែង ដោយខានមិនបាននោះ គឺភាពជាអ្នកដឹកនាំដ៏ខ្លាំង និងរឹងមាំរបស់ សម្តេចតេជោ សែន នៅក្នុងបរិបទនៃការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩នៅកម្ពុជា បានដោយជោគជ័យ និងដែលរិតតែបង្ហាញពិភពលោកឱ្យឃើញកាន់តែច្បាស់ និងពិសេសទៀតដែរនោះ គឺការអនុញ្ញាតឱ្យនាវាវែសស្ទឺដាមចូលសំចតនៅកំពង់ផែខេត្តព្រះសីហនុនាថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ ដែលការសម្រេចចិត្តប្រកបដោយទឹកចិត្តមនុស្សធ៌មនេះ រិតតែបានបង្ហាញពិភពលោកឲ្យបានស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀតថា “ប្រទេសកម្ពុជា ជាប្រទេសតូចតាច តែមានបេះដូងធំទូលាយ” ដែលតាមរយ:កាយវិការមនុស្សធ៌មនេះ កម្ពុជា ក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើសិទ្ធិនៃការរស់រានមានជីវិតរបស់មនុស្ស ដោយមិនប្រកាន់ពូជសាសន៍ ព័ណសម្បុរ និងថែមទាំងហ៊ានប្រថុយប្រថានដើរឆ្លងកាត់នូវគ្រោះហានិភ័យធំធេងនៃការចម្លង វីរុសកូវីដ-១៩ មកក្នុងប្រទេសរបស់ខ្លួន ប្រសិនបើនៅពេលនោះ មិនមានការគ្រប់គ្រងត្រួតពិនិត្យសុខភាពអ្នកដំណើរទាំងអស់នៅលើនាវាខ្នាតយក្សនេះ បានត្រឹមត្រូវទេនោះ។

ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការរំដោះអ្នកដំណើរ និងអ្នកបម្រើការជាងពីរពាន់នាក់ ដែលមានជាតិសាសន៍ចម្រុះជាច្រើននៅលើនាវាវែសស្ទឺដាមនេះ ឲ្យបានរួចចាកផុតពីគ្រោះមរណ:នៅកណ្តាលជលសារដ៏ល្វឹងល្វើយ ដោយបានអនុញ្ញាតឲ្យនាវាវែសស្ទឺដាម បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ មួយឆ្នាំកន្លងមកនេះ គឺពិតជាទង្វើដ៏អស្ចារ្យមួយ ដែលគួរឱ្យមានការកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រកម្ពុជា និងជាកាយវិកាយមនុស្សធ៌ម និងការគោរពសិទ្ធិរស់រានមានជីវិតរបស់មនុស្សដ៏ពិតប្រាកដរបស់កម្ពុជា ហើយក៏បានផ្តល់ឱកាសឲ្យអ្នកដំណើរ និងអ្នកបម្រើការនៅលើនាវានោះទាំងអស់ បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងនៅតាមប្រទេសដែលខ្លួនរស់នៅរៀងៗខ្លួន ប្រកបដោយសុខសុវត្ថិភាព និងមិនមានការឆ្លងវីរុសកូវីដ-១៩ ឡើយ។ កាយវិការបែបនេះ គឺកម្រមានណាស់នៅលើលោកយើងនេះ នៅពេលដែលបុគ្គលគ្រប់រូប និងប្រទេសមួយចំនួនក្នុងតំបន់ និងលើសាកលលោក កំពុងតែមានការភ័យខ្លាចជាខ្លាំងពីការឆ្លងនូវវីរុសកូវីដ-១៩ ពីអ្នកដំណើរ ដែលបានបង្កើតឡើងនូវស្ថានភាពភ័យខ្លាចផង ភាពរើសអើងផង និងភាពអាត្មានិយមផង ដោយភ្លេចគិត ឬក៏មិនបានគិតគូរពីការអនុវត្តឲ្យបានត្រឹមត្រូវនូវច្បាប់និយ័តកម្មអន្តរជាតិឆ្នាំ២០០៥ (IHR 2005) នោះឡើយ។

ទន្ទឹមនឹងខួបមួយឆ្នាំនៃការចូលសំចតនាវាវែសស្ទឺដាមនៅកម្ពុជា យើងក៏បានឃើញផងដែរនូវការចូលមកដល់នូវវ៉ាក់សាំងកូវីដ-១៩ ដែលជាអំណោយមនុស្សធ៌មដ៏ថ្លៃថ្លាពីសាធារណរដ្ឋប្រជាមានិតចិន ដែលក្រសួងសុខាភិបាលកម្ពុជាកំពុងតែធ្វើយុទ្ធនាការចាក់ជូនដល់ក្រុមមនុស្ស និងប្រជាពលរដ្ឋកម្ពុជាតាំងពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១។ នេះ ក៏បានមកដោយសារការគិតគូរដ៏ហ្មត់ចត់ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ សែន ដែលបានបង្កឱ្យមានកិច្ចសហប្រតិបត្តិការល្អជាមួយសមភាគីមិត្តចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា ហើយហេតុការណ៍នៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជាចំនួន ៥ ព្រឹត្តិការណ៌ធំៗ គឺ
១). ការនាំចូលវីរុសពីក្រៅប្រទេស តាមអ្នកដំណើរទេសចរ និងប្រជាជនខ្មែរ ដែលបានវិលត្រឡប់មកពីក្រៅប្រទេស បន្ទាប់ពីមានការផ្ទុះឡើងនូវការរាតត្បាតជំងឺកូវីដ-១៩ នៅទីក្រុងវូហាននៃប្រទេសចិន នៅកំឡុងខែមករា ដល់ ២វិឆ្ឆិកា ឆ្នាំ២០២០
២). ព្រឹត្តិការណ៍នាវាវែសស្ទឺដាម នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០
៣). ព្រឹត្តិការណ៍ ៣វិឆ្ឆិកា ឆ្នាំ២០២០
៤). ព្រឹត្តិការណ៍សហគមន៍ ២៨វិឆ្ឆិកា ឆ្នាំ២០២០ និង
៥). ព្រឹត្តិការណ៍ពលករខ្មែរវិលចូលក្នុងប្រទេសតាមច្រកព្រំដែននានា
ត្រូវបានចាត់ចែង គ្រប់គ្រង និងធ្វើអន្តរាគមន៍ឆ្លើយតបប្រកបដោយប្រសិទ្ធិភាពល្អ ដែលសុទ្ធសឹងតែជាសមិទ្ធិផលទទួលបានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងនិយាយដោយឡែក គឺបានមកដោយសារតែកណ្តាប់ដៃដែករបស់ សម្តេចតេជោ សែន ព្រមទាំងការត្រងត្រាប់ប្រតិបត្តិរបស់ក្រសួងសុខាភិបាលដែលមានក្រុមគ្រូពេទ្យជួរមុខ និងរបស់ក្រុមការងារអន្តរវិស័យ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ កងទ័ព កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ធីតា វិស័យឯកជន និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្រោមស្មារតីសាមគ្គីភាព និងខ្មែរជួយខ្មែរ។

ដោយឡែក ថ្មីៗនេះ ទន្ទឹមនឹងការអនុវត្តនូវសិទ្ធិមិនចម្លងវីរុសកូវីដ-១៩ ទៅអ្នកដទៃ កម្ពុជា ក៏កំពុងតែអនុវត្តន៍នូវសិទ្ធិនៃការទទួលបាននូវវ៉ាក់សាំងកូវីដ-១៩ ដែលមនុស្សលោកកំពុងតែទន្ទឹងរងចាំជាយូរមកហើយ សម្រាប់ប្រើប្រាស់ជាឧបករណ៍មួយទៀតបន្ថែមលើវិធានការសុខាភិបាល ៣ការពារ និង ៣កុំ ដើម្បីឲ្យបុគ្គល និងសហគមន៍កម្ពុជាមានមធ្យោបាយការពារខ្លួនដ៏រឹងមាំផង បង្កើតឱ្យមានភាពស៊ាំទៅនឹងជំងឺនេះផង និងមានកងការពារគ្រប់គ្រាន់ក្នុងខ្លួនបុគ្គលផង សម្រាប់ទប់ទល់កុំឱ្យមានភាពធ្ងន់ធ្ងរពីការវ៉ៃលុករបស់សត្រូវគ្មានស្រមោលកូវីដ-១៩។ សូមចងចាំថា កាតព្វកិច្ច របស់ពលរដ្ឋគ្រប់រូបនៅពេលនេះ គឺសិទ្ធិក្នុងការអនុវត្តន៍វិធានការ ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច ដោយកុំភ្លេចខ្លួនថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ដែលអាចឆ្លងមកបុគ្គលបានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។ រីឯ ការស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាការចូលរួមចំណែកដ៏ធំធេងណាស់របស់បុគ្គលម្នាក់ៗនៅក្នុងការជួយសង្គមជាតិខ្មែរ និងជួយសាកលលោកឱ្យឆាប់បានវិលត្រឡប់ទៅការរស់នៅធម្មតាតាមគន្លងថ្មី ហើយក៏ជាកាយវិការមនុស្សធ៌មដ៏សំខាន់មួយផងដែរ ក្នុងការជួយសង្គ្រោះអាយុជីវិតខ្លួនឯងផង និងជួយដល់មនុស្សជាតិលើលោកយើងនេះផង ឱ្យបានចៀសផុតពីគ្រោះមហន្តរាយសុខភាពសាធារណៈ ដែលបណ្តាលមកពីការរាតត្បាតជំងឺឆ្លងដោយសារការវ៉ៃលុកពីវីរុសកូវីដ-១៩ នេះ។ ដូច្នេះ យើងទាំងអស់គ្នា មិនត្រូវអល់អែក និងមិនត្រូវចាញ់បោកការឃោសនាអកុសលរបស់ជនអគតិមួយចំនួន ប្រសិនបើបុគ្គល មិនចង់ជួបប្រទះជាមួយសភាពធ្ងន់ធ្ងរសុខភាពដោយសារការវ៉ៃលុកពីវីរុសកូវីដ-១៩ទេនោះ សូមចូលរួមដោយស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងកូវីដ-១៩ ទៅតាមក្រុមមនុស្ស ដែលមានការប្រកាសផ្សាយដោយក្រសួងសុខាភិបាលជារឿយៗ រហូតដល់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានបិទបញ្ចប់ជាស្ថាពរ។

សូមឱ្យថ្ងៃនៃក្តីស្រឡាញ់នេះ បានផ្តល់នៅក្តីស្រឡាញ់ជូនដល់បងប្អូនជនរួមជាតិ ជាពិសេសសូមគោរពជូននូវក្តីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីរបស់ សម្តេចតេជោ ទាំងអស់ និងសូមឱ្យថ្ងៃនៃក្តីស្រឡាញ់នេះ បានក្លាយទៅជាចលករដ៏រឹងមាំជួយជម្រុញឱ្យមានការស្រឡាញ់ចូលចិត្ត និងបន្តអនុវត្តន៍ដោយសូមកុំឱ្យមានការភ្លេចឱ្យសោះសម្រាប់បុគ្គលគ្រប់រូប និងបុគ្គលដែលទទួលបានវ៉ាក់សាំងរួចហើយ គឺត្រូវតែបន្តអនុវត្តន៍វិធានការ ៣ការពារ និង ៣កុំ រួមជាមួយនឹងវ៉ាក់សាំងកូវីដ-១៩ ដែលបុគ្គលបានចាក់រួចហើយនោះ សម្រាប់ខ្លួនបុគ្គលផ្ទាល់ គ្រួសារយើង និងសហគមន៍យើង នឹងមានភាពឈ្នះលើការវ៉ៃប្រហារពីវីរុសកូវីដ-១៩ ដែលអាចឱ្យយើងរស់នៅប្រកបការរកស៊ីទទួលទានបានឡើងវិញជាធម្មតាដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ ផ្តល់ជំនឿទុកចិត្តដល់វិនិយោគិន ជម្រុញការវិល ត្រឡប់មកវិញនូវទេសចរ និងជម្រុញបាននូវកំណើនសេដ្ឋកិច្ចសង្គមជាតិយើង ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍ៕

អត្ថបទដោយ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here