ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ច្បាស់ៗថា មន្ត្រីណាដែលរត់ការដោះលែងមេក្លោងនាំផ្លូវ ពលករខ្មែរឆ្លងដែន គេចមិនព្រមធ្វើចត្តាឡីស័ក ត្រូវដកឋានន្ដរស័ក្តិ ឬបណ្ដេញចេញតែម្ដង។
តាមរយៈសារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៥ កុម្ភៈនេះ សម្ដេចតេជោ ថ្លែងយ៉ាងដូច្នេះថា «ទាក់ទិនជាមួយនឹងការចាប់បានពួកធ្វើសកម្មភាព ចាប់បានពួកអ្នកនាំផ្លូវហើយ បែរជាដោះ លែងទៅវិញ ដែលនាំឲ្យដកឋានន្ដរស័ក្តិ ឬបណ្ដេញចេញជាជួរតែម្ដងចំពោះមន្ដ្រីនគរបាលណា ដែលអនុវត្តខុសឆ្គង់ទៅនឹងវិធានការទាំងឡាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស។ ការរត់ពន្ធមនុស្សនេះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលអាច នាំដល់មហន្ដរាយនៃសុខភាពសាធារណៈ ដោយការជំងឺឆ្លង»។
សម្ដេចតេជោ ក៏បានបញ្ជាឲ្យចាប់ប្រមូលអ្នកពាក់ព័ន្ធ នឹងការនាំឆ្លងកាត់ផ្លូវរបៀង ដើម្បីអនុវត្តដាក់ទោស ឬក៏ណែនាំទៅពួកគេ ដើម្បីឲ្យពួកគេបញ្ឈប់នាំមនុស្សឆ្លងដែនបន្ដទៀត៕