រយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំចិន កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៩០ម៉ឺននាក់

0
9

ភ្នំពេញ៖ តាមរបាយការណ៍ទទួលបានពី មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រជាជនចិន-វៀតណាម រយៈពេល ៣ថ្ងៃ (១២-១៤ ខែកុម្ភៈ ២០២១) កម្ពុជាទទួលបានភ្ញៀវទេសចរ សរុបប្រមាណ ៨៩២.៦៣៨ នាក់ ថយចុះ ២,២៣% ធៀបនឹងឆ្នាំ២០២០។

យោងតាមហ្វេសប៊ុក ក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ កុម្ភៈនេះ បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរសរុបមាន ភ្ញៀវជាតិប្រមាណ ៨៨០.៥៥៣ នាក់ កើនឡើង ៦,០៥% (ប្រៀបចូលឆ្នាំចិន ២០២០), ភ្ញៀវបរទេសផ្ទៃក្នុង ប្រមាណ ១២.០៨៥ នាក់ ថយចុះ ៨៥,៤០% (ប្រៀបចូលឆ្នាំចិន២០២០)។

ក្នុងចំនួនសរុបខាងលើ ចំនួនភ្ញៀវតាមថ្ងៃនីមួយៗ រួមមាន៖
-ថ្ងៃទី១ ទី១២ ខែកុម្ភៈ៖ ភ្ញៀវសរុបប្រមាណ ២០៥.០៧៥ នាក់
-ថ្ងៃទី២ ទី១៣ ខែកុម្ភៈ៖ ភ្ញៀវសរុបប្រមាណ ៤០៨.៥២១ នាក់
-ថ្ងៃទី៣ ទី១៤ ខែកុម្ភៈ៖ ភ្ញៀវសរុបប្រមាណ ២៧៩.០៤២ នាក់

គោលដៅទេសចរណ៍សំខាន់ៗមួយចំនួនរយៈពេល៣ថ្ងៃនេះ រួមមាន៖
-រាជធានីភ្នំពេញ៖ ១១៨,៥០២នាក់
-ខេត្តសៀមរាប ៖ ១១៧.៧៨៩ នាក់
-ខេត្តកំពត៖ ១០២.០២៦នាក់
-ខេត្តកែប៖ ៩២.៨០៤ នាក់
-ខេត្តព្រះសីហនុ៖ ៨២.០៦៥នាក់
-ខេត្តកណ្តាល៖ ៧២.៥១០ នាក់
-ខេត្តបាត់ដំបង៖ ៦២.៤៦៤នាក់
-ខេត្តកោះកុង៖ ៣៥.២២៥ នាក់
-ខេត្តកំពង់ស្ពឺ៖ ២៩.៧៧០នាក់
-ខេត្តពោធិ៍សាត់ ៖ ២៤.៧២៣នាក់

ជាការគួរកត់សម្គាល់លើចំណុច សំខាន់ៗប្រចាំថ្ងៃកន្លងមក ដូចខាងក្រោម៖

-ដោយសារពិធីបុណ្យប៉ះចំចុងសប្តាហ៍ (សុក្រ សៅរ៍ អាទិត្យ) លំហូរភ្ញៀវទេសចរផ្ទៃក្នុងមានភាពផុសផុលទូទាំងប្រទេស ហើយបងប្អូនប្រជាពលរដ្ឋមានឱកាសដើរកម្សាន្ត ក្នុងស្រុកច្រើន(ដោយសារយើងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍បាន)។ ទន្ទឹមនឹងនេះ ក៏នៅមានបងប្អូនប្រជាពលរដ្ឋខ្លះ នៅមិនទាន់ត្រលប់ចូលមករាជធានីភ្នំពេញវិញទេ ហើយអាជីវកម្មមួយចំនួនក៏នៅបន្តបិទទ្វាររហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ដោយតាមទំលាប់បងប្អូនដែលជាប់ខ្សែស្រឡាយចិន ពួកគាត់ច្រើននៅបន្តដើរកម្សាន្តរហូតដល់ថ្ងៃស្អែកមួយថ្ងៃទៀត។

-តាមការវាយតំលៃបឋម៖ ការចំណាយរបស់ភ្ញៀវទេសចរ ហាក់មានកម្រិតទាបជាងពេលឈប់សម្រាកកន្លងមក ដោយពួកគាត់មួយចំនួនជ្រើសរើសការដើរកម្សាន្តនៅគោលដៅជិតៗ ចេញទៅពេលព្រឹក ហើយតត្រឡប់មកវិញពេលល្ងាច) ការដើរកម្សាន្តជាក្រុមគ្រួសារ និងខ្លះទៀតបានរៀបចំម្ហូបអាហារដែលសល់ពីការសែនមកតាមខ្លួនខ្លះ។ ទោះយ៉ាងណា លំហូរភ្ញៀវទេសចរទៅគ្រប់គោលដៅទេសចរណ៍នៅតាមបណ្តារាជធានីខេត្ត នៅតែជាចលករសំខាន់ក្នុងការទ្រទ្រង់វិស័យទេសចរណ៍មួយផ្នែក និងបង្កើតប្រាក់ចំណូលទៅដល់បងប្អូនប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជនផងដែរ។

-គ្រប់គោលដៅទេសចរណ៍បានខិតខំអនុវត្តតាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមការណែនាំ និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋានរបស់គណៈអភិបាលរាជធានីខេត្ត។ ប៉ុន្តែ នៅតាមគោលដៅទេសចរណ៍ដែលបងប្អូនសម្រុកទៅកម្សាន្តច្រើនក្នុងពេលតែមួយ នៅមិនទាន់អាចអនុវត្តបានពេញលេញនៅឡើយ។

-ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់៖ ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។ បញ្ហាសំរាម គ្រប់គ្រងបានល្អជាងមុន តែនៅតែមានបញ្ហានៅកន្លែងមួយចំនួននៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here