ស្ថានទូតប្រាប់ពលករខ្មែរនៅថៃ កុំឱ្យលួចឆ្លងដែនចូលមកកម្ពុជា និងកុំគេចវេះការធ្វើចត្តាឡីស័ក

0
12

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានស្នើសុំពលករខ្មែរទាំងអស់ ដែលកំពុងនៅប្រទេសថៃ កុំឱ្យលួចឆ្លងដែនមកកម្ពុជា ដោយមិនធ្វើចត្តាឡីស័កឲ្យសោះ ដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបង្កហានិភ័យនៃការចម្លងចូលក្នុងសហគមន៍។

តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី១៥កុម្ភៈនេះបានបង្ហាញ ៤ចំណុចដល់ពលករខ្មែរនៅប្រទេសថៃ រួមមាន៖
-មិនត្រូវលួចឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសកម្ពុជាដែលប្រឈមនឹងហានិភ័យខ្ពស់ចំពោះអាយុជីវិតបងប្អូនផ្ទាល់និងអាចនាំជំងឺឆ្លងចូលទៅក្នុងប្រទេសកម្ពុជាផង។

– ត្រូវអនុវត្តការធ្វើចត្តាឡីស័កតាមវិធានការសុខាភិបាលដោយមិនត្រូវគេចវេះជាដាច់ខាត បើមានការចាំបាច់ចូលប្រទេសកម្ពុជា។ ករណីគេចវេះមិនធ្វើចត្តាឡីស័ក នឹងត្រូវទទួលពិន័យជាប្រាក់ ១ លានរៀល ឬលើសពីនេះ និងទទួលការផ្តន្ទាទោសព្រហ្មទណ្ឌដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន។

-ចូលរួមសហការផ្តល់ព័ត៌មានដល់ស្ថានទូត (នៅបាងកក) ស្ថានអគ្គកុងស៊ុល (នៅខេត្តសាកែវ) ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងមេខ្យល់ដែលសន្យានាំបងប្អូនពលករឆ្លងដែនចេញ-ចូលខុសច្បាប់តាមបណ្តាច្រកព្រំដែនកម្ពុជា-ថៃ។
-ត្រូវគោរពអនុវត្តនិងចូលរួមសហការឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត។

អាស្រ័យហេតុនេះ សូមបងប្អូនមេត្តារក្សាភាពនឹងនរ និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ នេះបើតាមស្ថានទូតកម្ពុជាប្រចាំនៅថៃ ដោយបន្ថែមថា ករណីបងប្អូនមានបញ្ហា សូមទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈលេខទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុល) និង ០៩៤ ០៩២៥ ៩០៥ (ផ្នែកអនុព័ន្ធការងារ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here