ភ្នំពេញ៖ លោក ម៉ង ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបានស្នើដល់អាជ្ញាធរខេត្តជាប់ព្រំដែន បន្តជួយចាត់វិធានការឲ្យបានតឹងរឹងនូវពួកមេខ្យល់ដែលលួច នាំពលករឆ្លងដែនខុសច្បាប់ ហើយគេចវេសពីការធ្វើចត្តាឡីស័ក។
ក្នុងពេលអញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុកកម្រៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ លោក ម៉ង ប៊ុនហេង បានធ្វើការអំពាវនាវដល់ ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ សូមកុំសម្រុកមកលេងស្រុកកំណើត ក្នុងរដូវបុណ្យចូលឆ្នាំព្រណីជាតិខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ។
លោកថា ក្នុងវិបត្តិនៃជំងឺកូវីដ១៩ ពលករដ្ឋគួរស្វែងរកការងារធ្វើក្នុងស្រុក ឲ្យអស់លទ្ធភាពសិន មុននឹង ចំណាកស្រុកទៅក្រៅប្រទេស ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺនេះ ព្រោះរាជរដ្ឋាភិបាល តាមរយ:ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ក៏បានរៀបចំនូវការងារ និងបង្រៀនជំនាញខ្លីៗ ដល់ពលករ ដែលបានបាត់បង់ការងារធ្វើ។
លោក បានបន្តថា កុំឆ្លងចេញចូលទៅប្រទេសថៃ ព្រោះប្រទេសមួយនេះ កំពុងមានការឆ្លងខ្លាំងក្នុងសហគមន៍ តាមខេត្តមួយចំនួន។ សម្រាប់អ្នកចង់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ បើគ្រាន់ចង់លេងសប្បាយជួបជុំគ្រួសារក្នុងពិធីបុណ្យទេ គួរកុំទាន់មកលេង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩ និងបន្តអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ខណ:កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ នៅសល់តិចតួចនិងកំពុងគ្រប់គ្រងបាន។
គូបញ្ជាក់ថា ចាប់ពីមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តសាមុទសាខន ប្រទេសថៃ មានពលករឆ្លងដែនតាមច្រកនានាជាប់ខេត្តបាត់ដំបង មានជាង ៧០០០នាក់ និងបានបញ្ចប់ការធ្វើចត្តាឡីស័កជិត ៤០០០នាក់ កំពុងធ្វើចត្តាឡីស័កជាង ៣០០០នាក់ ខណ:នៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ មានពលករឆ្លងដែនពីថៃ មានជាង ៣០០នាក់៕

