ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសស្វាគមន៍វិនិយោគិនហ្វីលីពីន ឲ្យមកដាក់ទុនវិនិយោគនៅក្នុងកម្ពុជាតាមរយៈការដាក់ទុនលើផ្នែកម៉ាស៊ីនកិនស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដាញទិញស្រូវស្តុកទុក ដើម្បីនាំចេញទៅប្រទេសហ្វីលីពីន។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន ។
ក្នុងជំនួបជាមួយលោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនថ្មីប្រចាំនៅកម្ពុជា នៅថ្ងៃទី១៧កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យហ្វីលីពីន ពិនិត្យមើលលទ្ធភាពពិចារណា អំពីស្ថិរភាពស្បៀងជាអង្ករ ដែលមាននៅកម្ពុជាសម្រាប់ការនាំចេញទៅប្រទេសហ្វីលីពីន ។
សម្ដេចតេជោបានមានប្រសាសន៍ផងដែរថាយើងគប្បីណាពិនិត្យមើលសក្តានុពលណាដែលមាននៅក្នុងតំបន់របស់យើង ជាជាងពិនិត្យមើលសក្តានុពល នៅទីឆ្ងាយៗ ពោលគឺយើងអាចធ្វើយ៉ាងណា ទាញយកសក្តានុពលនេះមកប្រើប្រាស់ ហើយបំពេញឲ្យគ្នាទៅវិញទៅមក។
សម្ដេចតេជោ បានមានប្រសាសន៍ថា ជាការពិតជំងឺកូវីដ១៩ វាពិតជាបានធ្វើឲ្យមានការផ្អាកនៃសកម្មភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មមួយចំនួនពិតមែន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងនឹងការត្រៀមខ្លួនចាប់ផ្ដើមសកម្មភាពទាំងនោះឡើងវិញ ហើយយើងគប្បីណាពិនិត្យមើលសកម្មភាពនិងសក្តានុពលដទៃទៀតដែលមានជាពិសេសនៅក្នុងក្របខណ្ឌនៃ ខ័ណ្ឌអាស៊ានChina និង ASEM ផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថាកម្ពុជាយើងមានអង្ករនៅសល់ជាច្រើនប្រមាណ៦លានតោនក្នុងមួយឆ្នាំ។
ចំណែកលោកស្រី Maria Amelita C.Aquino បានសម្តែងនូវការអបអរសាទរជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានគ្រប់គ្រងជំងឺកូវីដ១៩បានយ៉ាងល្អប្រសើរ។ដែលធ្វើអោយកម្ពុជាមានការរីករាលដាលឆ្លងជំងឺកូវីដ១៩នេះយ៉ាងតិចបំផុត។
លោកស្រីបានបន្ថែមទៀតថា ការពង្រីក ពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគនេះគឺលោកស្រីនឹងយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀងដែលមានស្រាប់ដែលបានចុះហត្ថលេខាហើយនោះ។
លោកស្រីនឹងពិនិត្យមើលលទ្ធភាព និងកិច្ចការផ្សេងៗទៀតដែលប្រទេសយើងទាំងពីរមានរួមគ្នានោះ។
លោកស្រីបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើយ៉ាងណា ចាប់ផ្ដើមដំណើរការទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩បានសាបរលាបទៅ ដែលកន្លងមកត្រូវបានផ្អាកមួយរយៈនោះ៕