ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា ក្រុមហ៊ុនជាច្រើនមិនថាតូចឬធំនោះទេបានចំណាយលុយជាច្រើនរៀងរាល់ឆ្នាំដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មជាមួយនឹង ក្រុមហ៊ុនហ្វេសប៊ុកដោយសង្ឃឹមថា ផលិតផលឬសេវាកម្មរបស់ពួកគេនឹងត្រូវបានមើលឃើញ ពីសំណាក់មហាជនដែលអាចក្លាយជាអតិថិជនរបស់ពួកគេដែលនេះធ្វើឱ្យក្រុម ហ៊ុនហ្វេសប៊ុករកចំណូល បានរាប់ពាន់លានដុល្លារពីការផ្សព្វផ្សាយពាណិជ្ជកម្មនេះ។
បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Financial Times កាលពីពេលថ្មីៗនេះបានឱ្យដឹងថាក្រុមហ៊ុនហ្វេសប៊ុកបានរងការចោទប្រកាន់នៅក្នុងពាក្យបណ្ដឹងមួយថា បានបំប៉ោងចំនួន អ្នកមើលក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម (Potential Reach) ដើម្បីរកចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យបានកាន់តែច្រើន។
នៅក្នុងការចោទប្រកាន់នេះពួកគេបានបង្ហាញសាររវាងអ្នកគ្រប់គ្រងធំៗនៅក្នុងក្រុមហ៊ុនទាក់ទងនឹងការបំប៉ោងទិន្នន័យនេះ។បុគ្គលិកផ្នែកគ្រប់គ្រងម្នាក់បានផ្ញើសារស្នើសុំ ឱ្យមានការកែតម្រូវ ដោយបន្ថយចំនួនអ្នកមើលព្រោះវាខុសគ្នាខ្លាំងពេក ប៉ុន្តែត្រូវបានអ្នកគ្រប់គ្រងឆ្លើយតបវិញថាការផ្លាស់ប្ដូរនេះនឹងធ្វើឱ្យពួកគេខាតបង់ចំណូលជាច្រើន។
នៅក្នុងពាក្យបណ្ដឹងនេះក៏បានបង្ហាញផងដែរថា ពេលខ្លះក្រុមហ៊ុនហ្វេសប៊ុកបានផ្ដល់ទិន្នន័យដែលមានចំនួនអ្នកមើលច្រើនជាងចំនួនអ្នករស់នៅក្នុងតំបន់នោះទៅទៀត។នេះមិនមែន ជាលើកទីមួយទេដែលក្រុមហ៊ុនហ្វេសប៊ុកបានរងការចោទប្រកាន់ទាក់ទងនឹងការបំប៉ោងទិន្នន័យនោះ កាលពីឆ្នាំ២០១៩ ក្រុមហ៊ុនបានយល់ព្រមបង់ទឹកប្រាក់ចំនួន៤០លានដុល្លារ ទាក់ទងនឹងការបំផ្លើសចំនួនអ្នកមើលវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មអស់រយៈពេលពីរឆ្នាំ រួចមកហើយផងដែរ៕