ភ្នំពេញ៖ អូស្រ្តាលីនឹងផ្តល់ថវិការហូតដល់ ២លានដុល្លារអូស្រ្តាលី ក្នុងរយៈពេល ២ឆ្នាំខាងមុខ តាមរយៈអង្គការសហប្រជាជាតិ ដើម្បីជួយបញ្ចប់ដំណើរការនីតិវិធីច្បាប់ របស់សាលាក្តីខ្មែរក្រហម និងសំខាន់ទៀតនោះ គឺដើម្បីគាំទ្រដល់បណ្ណសារ និងយន្តការផ្សព្វផ្សាយរបស់សហគមន៍ ។
យោងតាមហ្វេសប៊ុកស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា នៅថ្ងៃទី១៩ កុម្ភៈនេះ បានឲ្យដឹងថា អូស្រ្តាលីគឺជាអ្នកគាំទ្រដ៏សំខាន់ នៃសាលាក្តីខ្មែរក្រហម Khmer Rouge Tribunal (ECCC) ដែលកំពុងជួយធានារកយុត្តិធម៌ ជូនជនរងគ្រោះជាច្រើននៃរបបខ្មែរក្រហម ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ។ ប្រជាជនកម្ពុជាប្រមាណ ៨៣ ០០០ នាក់ បានចូលរួមស្តាប់សវនាការ ក្នុងអំឡុងពេលជំនុំជម្រះក្តីថ្មីក្រោយនេះ របស់សាលាក្តី ដែលមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីរនាក់ ត្រូវបានកាត់ទោសពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ស្ថានទូតបញ្ជាក់ថា «អូស្រ្តាលីនឹងផ្តល់ថវិការហូតដល់ ២ លានដុល្លារអូស្រ្តាលី ក្នុងរយៈពេល ២ ឆ្នាំ ខាងមុខ តាមរយៈអង្គការសហប្រជាជាតិ ដើម្បីជួយបញ្ចប់ដំណើរការនីតិវិធីច្បាប់ របស់សាលាក្តីខ្មែរក្រហម និងសំខាន់ទៀតនោះគឺដើម្បីគាំទ្រ ដល់បណ្ណសារនិងយន្តការ ផ្សព្វផ្សាយរបស់សហគមន៍។ ការប្តេជ្ញាចិត្តថ្មីនេះធ្វើឡើង ផ្អែកលើការបរិច្ចាគមុនៗ ចំនួនជាង ៤០ លានដុល្លារអូស្រ្តាលី ដល់សាលាក្តី ចាប់តាំងពីឆ្នាំ ២០០៥ មក ដែលធ្វើឱ្យប្រទេសអូស្ត្រាលីក្លាយជា ម្ចាស់ជំនួយអន្តរជាតិធំជាងគេលំដាប់លេខបី» ។
ការគាំទ្ររបស់អូស្រ្តាលី ចំពោះសាលាក្តីខ្មែរក្រហម ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ដ៏មុតមាំរបស់យើង លើយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ និងភាពជឿជាក់របស់យើងថា តាមរយៈការយល់ដឹង និងការទទួលខុសត្រូវលើអំពើ ដ៏អាក្រក់នៅអតីតកាល យើងអាចធ្វើការជាមួយប្រទេសកម្ពុជា និងតំបន់របស់យើង ដើម្បីធានាថារឿងទាំងនេះ នឹងមិនកើតមានម្តងទៀតឡើយ៕