នាយករដ្ឋមន្ត្រី ប្រកាសមិនអនុញ្ញាតឲ្យ ប្រជាជនខ្មែរឆ្លងដែនចូលប្រទេស៣ ទោះស្របច្បាប់ក៏ដោយ

0
8

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសមិនអនុញ្ញាតឲ្យ ប្រជាជនខ្មែរឆ្លងដែនចូល ទៅប្រទេសថៃ ឡាវ វៀតណាម ឡើយ ទោះស្របច្បាប់ក៏ដោយ ប៉ុន្តែបើពួកគាត់វិលត្រឡប់ ចូលមកស្រុកខ្មែរវិញ ត្រូវទទួលនិងយក មកធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។

ក្នុងឱកាសថ្លែងសារពិសេស ទៅកាន់បងប្អូន ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ នៅព្រឹកថ្ងៃទី២០ កុម្ភៈ ឆ្នាំ ២០២១នេះសម្ដេចតេជោ បានមានប្រសាសន៍ថា “ខ្ញុំសូមផ្ដាំទៅប្រជាពលរដ្ឋរបស់យើងហាមចូល ប្រទេសថៃ ខ្ញុំបានបញ្ជាក់ពីដើម ស្របច្បាប់ក៏ដោយ មិនស្របច្បាប់ក៏ដោយ គឺអត់ឲ្យទៅតែម្ដងព្រោះខាងថៃ គេកំពុងគ្រប់គ្រងនៅតាមព្រំដែន ព្រោះ មានអ្នកចូលទៅប្រទេសថៃ។ ឯចំពោះអ្នកត្រឡប់មកវិញ យើងមិនទទួលពលរដ្ឋមិនបាន ព្រោះពលរដ្ឋយើងធ្វើដំណើរ ត្រឡប់មកវិញហើយត្រូវតែទទួល តែយើងត្រូវធ្វើចត្តាឡីស័ក។ ប៉ុន្ដែអ្នកដែលចង់ឆ្លងដែន ពីកម្ពុជា ទៅថៃ ពីកម្ពុជា ទៅវៀតណាម ពីកម្ពុជា ទៅឡាវ យើងមិនអនុញ្ញាតឲ្យទៅទេ”។

ជាងនេះទៅទៀត សម្ដេចតេជោ ក៏បានណែនាំឲ្យអាជ្ញាធរ នៅតាមព្រំដែនទាំងអស់ ត្រូវបិទព្រំដែនឲ្យជាប់ មិនឲ្យប្រជាពលរដ្ឋខ្មែរ ចេញទៅក្រៅប្រទេសឡើយ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាជនកម្ពុជា ដែលធ្វើការនៅថៃ កុំធ្វើដំណើរវិលត្រឡប់ មកកម្ពុជាវិញ ដើម្បីមកលេង ពេលចូលឆ្នាំថ្មី នាខែមេសា ឆ្នាំ២០២១ ខាងមុខព្រោះអ្នកមកពីថៃទាំងអស់ ត្រូវជាប់នៅព្រំដែន ១៤ថ្ងៃ ធ្វើចត្តាឡីស័ក ហើយចូលឆ្នាំខ្មែរ មានតែ៣ថ្ងៃទេ។ បើចង់ទៅវិញ ក៏មិនអាចទៅវិញបានដែរ ព្រោះត្រូវបិទព្រំដែន ទាំងខាងកម្ពុជាខាងថៃ ក៏បិទដូចគ្នាដែរ ។

ទន្ទឹមនិងគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ នឹងត្រូវបិទបញ្ចប់នៅអំឡុងពេល១ខែ នៅពេលប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ និងអនុវត្តវិធានការទាំងអស់គ្នាដោយយកចិត្តទុកដាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here