កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី១៧នាក់ថែមទៀត ក្នុងនោះឆ្លងក្នុងសហគមន៍១៥នាក់ និងនាំចូល២នាក់

0
8

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១៧នាក់ថែមទៀត ដែលក្នុងនោះមានករណីវិជ្ជមាន ក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»មានចំនួន១៥នាក់និងករណីនាំចូលពីក្រៅប្រទេស២នាក់ចំណែកអ្នកជាសះស្បើយពីជំងឺកូវីដ១៩ មានចំនួន៣នាក់ផងដែរ។

ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍វិធានការការពារខ្លួន ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺ ត្រូវអនុវត្តន៍នូវវិធានការ ៣ការពារ និង៣កុំ, ត្រូវចូលរួមធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ, អ្នកពាក់ព័ន្ធ ១៤ថ្ងៃមុនព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ត្រូវមកធ្វើតេស្ត នៅមណ្ឌលសុខភាពចាក់អង្រែ, ត្រូវចូលរួមផ្តល់ព័ត៌មានបុគ្គល ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភ, បើមិនចាំបាច់សូមនៅផ្ទះ និងមិនត្រូវរើសអើងអ្នកដែលឆ្លងកូវីដ១៩ នោះឡើយ។

គិតត្រឹមព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here