មិត្តជប៉ុន ផ្តល់ជំនួយឥត សំណង ប្រមាណជា២លានដុល្លារដល់កម្ពុជា សម្រាប់ស្តារឡើងវិញនូវផលប៉ះពាល់ពីគ្រោះទឹកជំនន់

0
8

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១បាន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីឯកភាព ក្នុងការបន្តផ្តល់ជំនួយឥតសំណងចំនួន២០៩លានយ៉េន ប្រមាណជា២លានដុល្លាអាមេរិក ដល់ព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក ក្នុងគោលបំណងស្តារឡើងវិញនូវផលប៉ះពាល់ពីគ្រោះទឹកជំនន់នាខែតុលាឆ្នាំ២០២០ ដែលបានបង្កជាការខូចខាតដល់មនុស្ស និងទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីប្រគល់ជំនួយឥតសំណង លោក មិកាមិ មាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំក្រកម្ពុជា និង លោកស្រី ឃ្លែរ កូណាន់ តំណាង និងជានាយិកាកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា បានចុះហត្ថលេខា ដោយមានវត្តមានលោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាននៃគណកម្មធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ចូលរូមជាសាក្សី។

គម្រោងនេះនឹងធ្វើការវាយតម្លៃសន្តិសុខស្បៀង និងអាហារូបត្ថម្ភដ៏ទូលំទូលាយនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ហើយតាមរយៈជំនួយនេះ គម្រោងនឹងធ្វើការគាំទ្រដល់ការស្តារឡើងវិញរបស់សហគមន៍តាមរយៈការធ្វើឲ្យប្រសើរឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដូចជាប្រព័ន្ធធារាសាស្ត្រ និងផ្លូវតាមទីជនបទ។

ជាមួយគ្នានោះដែរ រដ្ឋាភិបាលជប៉ុនសង្ឃឹមថាគម្រោងនេះនឹងកាត់បន្ថយនូវផលប៉ះពាល់ជាអវិជ្ជមានទៅលើសន្តិសុខស្បៀងសម្រាប់ក្រុមគ្រួសារនិងសហគមន៍ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ហើយរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here