ភ្នំពេញ៖ ជាង១០ថ្ងៃមកហើយ ដែលបុគ្គលិកក្រុមហ៊ុន ស៊ិន ទ្រី មិនព្រមចេញប្រមូលសំរាម ដោយសារមិនទាន់ មានដំណោះស្រាយច្បាស់លាស់ ពីភាគីក្រុមហ៊ុន និងសាលាក្រុងភ្នំពេញ ខណ: សាលារាជធានីភ្នំពេញ ទទូចឲ្យពួកគេចូលធ្វើការវិញដោយ បន្តធានានូវប្រាក់អត្ថប្រយោជន៍ នានាដែលមានច្បាប់បានកំណត់។
អ្វីដែលបុគ្គលិកក្រុមហ៊ុន ស៊ិន ទ្រី រួមមាន៖
១-ទូទាត់ប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩-២០២០ (ដោយយកប្រាក់ឈ្នួលគោល រួមទាំងអត្ថប្រយោជន៍ផ្សេងៗ យកទៅធ្វើការគណនា)
២-ទូទាត់ប្រាក់សោហ៊ុយ ជំងឺចិត្ត (ប្រាក់សោហ៊ុយ ជំងឺចិត្តស្មើប្រាក់បំណាច់ អតីតភាពការងារមុនឆ្នាំ២០១៩)
៣-ទូទាត់ប្រាក់បំណាច់ ជួសឲ្យការជូនដំណឹង
៤-ទូទាត់ប្រាក់បំណាច់ ជួសឲ្យការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់
៥-ប្រាក់ខែចុងក្រោយ។
ដោយឡែកខាងសាលរាជធានីភ្នំពេញ នៅថ្ងៃទី១២តុលា ឆ្នាំ២០២០ បានទទូចជាថ្មី ឲ្យបុគ្គលិកស៊ីនទ្រីចូលបំពេញការងារវិញ ដោយអះអាងថា ការមិនចូលធ្វើការនេះ ជាកូដកម្មខុសច្បាប់។ ជាមួយគ្នានេះសាលាក្រុង ក៏ធានាដោះស្រាយតាមផ្លូវច្បាប់ ដល់កម្មករ ដូចការព្រមព្រៀងគ្នា កាលពីថ្ងៃទី៧ ខែតុលា ។
សូមរំលឹកថា កាលពីថ្ងៃទី១០តុលា នៅយានដ្ឋានស៊ីនទ្រី ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បុគ្គលិកស៊ីនទ្រីប្រមាណជាង៣០០នាក់ បានជួបជុំគ្នាធ្វើកូដកម្ម ដោយអះអាងថា ក្រុមពួកគេ នឹងចូលបំពេញការងារវិញ បើសាលាក្រុង ឬក្រុមហ៊ុន មានឆន្ទ:ដោះស្រាយបញ្ហា។
អំឡុងពេលធ្វើកូដកម្មនេះ សាលាក្រុងបានប្រកាសជ្រើសរើស ប្រមូលសំរាមថ្មី និងបានបញ្ចេញកម្លាំងតាមខណ្ឌនីមួយៗ ដើម្បីដោះស្រាយបញ្ហាសំរាម ក្នុងក្រុងភ្នំពេញផងដែរ។ សាលាក្រុង បានបញ្ចេញរថយន្តដឹកសំរាម៧០គ្រឿង និងរ៉ឺម៉ក១៥០ ដើម្បីដោះស្រាយបញ្ហាសំរាមនៅអំឡុងពេលកូដកម្មនេះ។ លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗថា កម្លាំងនៃអាជ្ញាធរក្រុងបានចុះប្រមូលសំរាមបានប្រមាណ២៥០០តោនក្នុងមួយថ្ងៃ។
ជាមួយគ្នា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ក៏បានដាក់កំហិតឱ្យអភិបាលខណ្ឌទាំង១៤ សហការជាមួយភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាដឹកជញ្ជូនយកសំរាម ចេញពីក្នុងរាជធានីភ្នំពេញ ទៅកាន់ទីលានចាក់សំរាម ឱ្យបានគ្រប់ខណ្ឌ ដោយប្រើប្រាស់ គ្រប់យន្តការគ្រប់រូបភាព ខណ:ពេលដែលបុគ្គលិកក្រុមហ៊ុន សុីន ទ្រី បន្តយកសំរាមធ្វើជាចំណាប់ខ្មាំង ។
នៅព្រឹកថ្ងៃទី១២តុលានេះដែរ ជប៉ុនបានផ្ដល់ឡានដឹកសំរាម៦គ្រឿង ហើយកន្លងមកក៏មានក្រុមហ៊ុន ឯកខ្លះ បានផ្ដល់ឡានដឹកដី សម្រាប់ជួយដឹកសំរាមផងដែរ។ បើតាមរបាយការណ៍ ក្រសួងបរិស្ថាន ក្នុងរាជធានីភ្នំពេញមួយថ្ងៃ មានសំរាមជិត៣០០០តោន ៕


