ភ្នំពេញ÷ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានធ្វើការអំពាវនាវ ដល់
រដ្ឋបន្តការប្រុងប្រយ័ត្នខ្ពស់ចូលរួមទប់ស្កាត់ការរីករាលដាជំងឺកូវីដ-១៩។
យោងតាមហ្វេសប៊ុក របស់សម្ដេច ហេង សំរិន នាថ្ងៃទី២៤ កុម្ភ:នេះបានឲ្យដឹងថា ក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ កម្ពុជាបានប្រឈមការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ជាថ្មី ពិសេស នៅតាមរាជធានី ខេត្តមួយចំនួន ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងបណ្តារ ខេត្តជាប់ព្រំដែនប្រទេសជិតខាង។
សម្ដេចបានបញ្ជាក់ថា “ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការនានាដែលរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានដាក់ចេញ សំដៅការពារ និងបញ្ចៀសឱ្យផុតពីការឆ្លងរាលដាលកាន់តែធំឡើង ហើយដែលអាចបង្ករគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដល់សុខភាពសាធារណ សេដ្ឋកិច្ច និងសង្គម នៃប្រទេសរបស់យើង”។
ជាមួយគ្នានេះ ប្រធានរដ្ឋសភា បានអំពាវដល់ប្រជាពលរដ្ឋដែលបានដឹងថា ខ្លួនបានជាប់ពាក់ព័ន្ធនឹងករណីព្រឹត្តិការណ៍២០កុម្ភៈ សូមសហការជាមួយអាជ្ញារធរពាក់ព័ន្ធដោយចេញមកធ្វើតេស្តនិងចត្តាឡីស័ក ដើម្បីទប់ស្កាត់កុំឲ្យបញ្ហានេះកាន់តែរីកធំឡើង ដែលជាលទ្ធផលគ្មាននរណាក្រៅពីសមាជិកគ្រួសារ បងប្អូននិងសង្គមជាតិទេ ដែលអាចនឹងរងការខូចខាតដោយសារជំងឺកូវីដ-១៩នេះ។
ឆ្លៀតនៅក្នុងឱកាសនេះ សម្ដេច ហេង សំរិន ក៏បានលើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភាទាំងអស់ សូមចុះជាប់ជាមួយប្រជាពលរដ្ឋនិងមានកិច្ចសហការល្អជាមួយអាជ្ញាធរ ដើម្បីអប់រំ ផ្សព្វផ្សាយ បន្ថែមដល់ពលរដ្ឋអំពីជំងឺកូវីដ-១៩ និងអំពីវិធានការការពារ ជាពិសេសត្រូវត្រៀមលក្ខណៈអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ជួយដល់ប្រជាពលរដ្ឋនៅទូទំាងប្រទេសក្នុងគ្រាលំបាកនេះ៕