រដ្ឋមន្ត្រីការបរទេសចិន បញ្ចប់ទស្សនកិច្ច នៅកម្ពុជាដោយបន្សល់ទុក ជំនួយជាលុយយ៉ាងច្រេីននិងកិច្ចព្រមព្រៀងមួយចំនួន

0
35

ភ្នំពេញ៖ ក្រៅពីការបន្ថែមការរឹតចំណងមិត្តភាព ដ៏យូរអង្វែងនៃទំនាក់ទំនង កម្ពុជា-ចិន នៅក្នុងដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃ របស់លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបន្សល់ទុកនូវជំនួយជាច្រើន និងកិច្ចព្រមព្រៀងមួយចំនួនផងដែរ។
នៅក្នុងដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លោក វ៉ាង យី លោកមានប្រសាសន៍ថា «ចិននឹងផ្ដល់វ៉ាក់សាំ ងប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសកម្ពុជា ជាមិត្តដែកថែប។សន្យានាំចូលកសិផលកម្ពុជាថែមទៀត ដែលមានគុណភាព តាមសំណើរបស់កម្ពុជា។ ចិននឹងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗទៀត។»
លោកបន្ដថា ក្រោយបញ្ចប់ជំងឺកូវីដ-១៩ ចិន-កម្ពុជា នឹងរៀបចំផែនការអភិវឌ្ឍរួមគ្នា។ លោកថា វិនិយោគចិននៅកម្ពុជា មិនបានប៉ះពាល់ដោយសារជំងកូវីដ-១៩ទេ តែកាន់តែមានច្រើនថែមទៀត។ លោកបញ្ជាក់ថា ភាគីមិត្តចិនបានប្រគល់នូវកំណត់ទូត អំពីជំនួយឥតសំណង សម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជាដែមានទឹកប្រាក់ ចំនួន៩៥០លានយាន់ (ប្រហែល១៤០លាន ដុល្លារ)។

ក្នុងឱកាសនោះ លោក ហោ ណាំហុង ក៏បានស្នើមិត្តចិនជួយដោះស្រាយ បញ្ហាផ្ដាច់មុខរបស់ក្រុមហ៊ុនCOFCOរបស់ចិន ដែលជារបាំងសម្រាប់ការនាំចូលអង្ករកម្ពុជា ដែលមានចំនួន៤០០.០០០តោន ។លោកបន្ថែមថា ភាគីមិត្តចិនបានយល់ព្រមទិញស្វាយពីកម្ពុជា ដែលបានចុះអនុស្សារណរួចហើយ និងត្រីទៅប្រទេសចិន ស្នើជំរុញការនាំចូលឲ្យបានឆាប់។

នៅក្នុងដំណើរទស្សនកិច្ច នេះផងដែរ លោក វ៉ាង យី ក៏បានអញ្ញើញជា សក្ខីភាពនៅក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិនផងដែរ។

ដោយឡែកនៅក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក វ៉ាង យី (Wang Yi) ក៏បានបញ្ជាក់ជូនសម្ដេចតេជោ ផងដែរថា ចិននៅតែបន្តគាំទ្រកម្ពុជា យ៉ាងរឹងមាំ ធ្វើយ៉ាងណាឲ្យកម្ពុជារក្សា បាននូវអធិបតេយ្យភាពថ្លៃថ្នូរ របស់កម្ពុជា។

ក្នុងជំនួបនោះផងដែរ លោក វ៉ាង យី ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីលោកស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន និងលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក វ៉ាង យី បានមានប្រសាសន៍បន្តទៀតថា ដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ទៅកាន់ប្រទេសចិនកាលពីអំឡុងខែកុម្ភះកន្លងទៅនេះ គឺឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដ៏ល្អ របស់សម្ដេចតេជោ ចំពោះប្រជាជនចិន និងរដ្ឋាភិបាលចិន។ លើសពីនោះទៅទៀត បានបង្ហាញនូវភាពស្និទ្ធស្នាលមិត្តភាព ដ៏រឹងមាំនៃទំនាក់ទំនងនិងការយកចិត្តទុកដាក់ រវាងកម្ពុជានិងចិន ផងដែរ។

លើសពីនេះទៅទៀត លោកបានបញ្ជាក់ ថានេះគឺជាសណ្តានទឹកចិត្តមួយ របស់សម្ដេចតេជោ មិនត្រឹមតែចំពោះប្រជាជនចិន ប៉ុណ្ណោះទេ គឺចំពោះប្រជាជនទូទាំងពិភពលោក តែម្ដងជាក់ស្តែង កន្លងមកដូចជាការទទួល ប្រជាជនជាប់ នៅនាវា Westerdam ដែលឆ្លុះបញ្ចាំងសន្ដានចិត្តមនុស្សធម៌ របស់សម្ដេចតេជោ ដែលនៅពេលនោះអន្តរជាតិទាំងមូល បានទទួលស្គាល់ថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដ៏តូចមួយតែមានបេះដូងធំ។

លោកទីប្រឹក្សារដ្ឋចិន ក៏បានគោរពរាយការណ៍ ជូនសម្ដេចតេជោអំពីកិច្ចពិភាក្សា រវាងលោកផ្ទាល់ជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើគ្រប់វិស័យនិងមានភាពទូលំទូលាយ។

លោកបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ បានឈានទៅដល់ការយល់ព្រមពីភាគីទាំងពីរ ថានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ លើសពីនេះទៅទៀត លោកក៏បានជម្រាបជូនសម្ដេចតេជោថា ចិននៅតែបន្តគាំទ្រកម្ពុជា យ៉ាងរឹងមាំ ធ្វើយ៉ាងណាឲ្យកម្ពុជារក្សា បាននូវអធិបតេយ្យភាពថ្លៃថ្នូរ របស់កម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោក ស៊ី ជីងពីង ប្រធានាធិបតីនិង លោក លី ខឺឈាង នាយករដ្ឋមន្ត្រី និងប្រជាជនចិន ដែលសួរសុខទុក្ខចំពោះសម្ដេចផ្ទាល់។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការវាយតម្លៃខ្ពស់ នៃទំនាក់ទំនងរវាងកម្ពុជា និងចិន។ សម្ដេចតេជោក៏បានអបអរសាទរ ចំពោះមិត្តចិនដែលទទួលបាន នូវភាពជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺ covid-19។

សម្ដេចតេជោបានមានប្រសាសន៍ថា ប្រទេសចិនមានប្រជាជន ជាង ១០០០លាននាក់ ប៉ុន្តែអ្នកដែលទទួលរងនូវជំងឺនេះ មានភាគរយតិចបំផុត បើប្រៀបធៀបទៅនឹងប្រទេសដទៃ ក្នុងន័យនេះ ប្រទេសចិន គឺមានសមត្ថភាពគ្រប់គ្រាន់ នឹងបានទប់ស្កាត់ជំងឺកូវី-19 បានជោគជ័យ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការគាំទ្រ និងអបអរសាទរចំពោះ កិច្ចពិភាក្សាប្រកបដោយផ្លែផ្កា រវាងលោក វ៉ាង យី ជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ។ សម្ដេចតេជោ ក៏បានជម្រាបជូន លោក វ៉ាង យី អំពីដំណើរការនៃការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា ក៏ដូចជាដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចតេជោបានមានប្រសាសន៍ថា ការទប់ស្កាត់ជំងឺកូវីដ-១៩ គឺទទួលបានជោគជ័យ ប្រជាជនកម្ពុជា បានអនុវត្តតាមគោលការណ៍ របស់រាជរដ្ឋាភិបាល គោលការណ៍របស់ក្រសួងសុខាភិបាល ហើយរដ្ឋាភិបាលកម្ពុជាក៏មានយន្តការច្បាស់លាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ផងដែរ។

ជាទីបញ្ចប់សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្ដល់ជំនួយដល់កម្ពុជាការចុះហត្ថលេខានៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ សម្ដេចតេជោក៏បានបញ្ជាក់ថា EBA គង់មានថ្ងៃណាមួយនឹងបាត់បង់ តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនគឺនៅជារៀងរហូត៕

LEAVE A REPLY

Please enter your comment!
Please enter your name here