ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ១.១៣២លានយ៉េន (ប្រហែល ១០,៨ លានដុល្លារ) ដើម្បីអនុវត្ត «គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ» នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៧ កុម្ភៈនេះ បានឲ្យដឹងថា ហិរញ្ញប្បទានឥតសំណង ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួមទប់ស្កាត់ «ការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍» ឬហៅថាព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ ភាគីទាំងពីរ នឹងធ្វើការចុះហត្ថលេខាលើលិខិតប្ដូរសារនេះ នៅទីកន្លែងរៀងៗខ្លួន ៕