ដំណឹងល្អ! កូនដំរីព្រៃមួយក្បាលបានកើតនៅក្នុងព្រៃនៃឧទ្យានជាតិជួរភ្នំក្រវ៉ាញ

0
11

ភ្នំពេញ÷ ក្រុមមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានចុះល្បាតថ្មើរជើងពីស្នាក់ការល្បាតឆាយ អារ៉ែងទៅទីតាំងប្រហែល ៤០០ ម៉ែត្រពីក្រោយស្នាក់ការ បាន ជួបប្រទះឃើញសុកដំរីទើបតែកើតកូនថ្មីៗចំនួន ១ ក្បាល ហើយក៏បានឃើញកូនដំរី និងមេរបស់វាថែមទាំងបរិវាររបស់ វា ប្រមាណជា ១០ ទៅ ១៥ ក្បាល នៅក្បែរនោះផងដែរ។ នេះបើយោងតាមក្រសួងបរិស្ថាន។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា នៅយប់មុនការរកឃើញសុកនេះ មន្ត្រីឧទ្យានុរក្ស បានឮសំឡេងសត្វដំរីស្រែកស្ទើរតែពេញមួយយប់នៅខាងក្រោយ ស្នាក់ការ ល្បាតឆាយអារ៉ែងក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ ខាងត្បូងក្នុងភូមិសាស្ត្រភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ ក្រុមមន្ត្រីឧទ្យានុរក្ស បានបន្តតាមដាន និងការពារដើម្បីកុំឱ្យមានការរំខានដល់សត្វដំរីដែលទើបតែកើតកូនរួច និងការពារកុំឱ្យមានការបង្ក គរោះថ្នាក់ដល់មន្ត្រី ឬប្រជាពលរដ្ឋពីសត្វដំរី ដែលការពារកូនរបស់វាផងដែរ ។

លោក នេត្រ ភក្ត្រា បានឱ្យដឹងនា ល្ងាចថ្ងៃទី ២៦ ខែកុម្ភៈថា សុកដំរីនេះ បានរកឃើញនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ ហើយនៅពេលក្ររុមមន្ត្រីឧទ្យានុរក្សទៅដល់កូនដំរី ដែល ទើបកើតហើយនោះ កំពុងតែស្ថិតនៅក្បែរកន្លែងនោះ ដោយសារតែវាមិនទាន់អាចធ្វើដំណើរឆ្ងាយបាន ប៉ុន្តែបច្ចុប្បន្ន កូនដំរី និងហ្វូងដំរីទាំងនោះ បានធ្វើដំណើរចូលទៅព្រៃបាត់ អស់ហើយ ។

បើតាមលោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេះគឺជា ដំណឹងល្អដែលកម្ពុជារបស់យើងបានឃើញកូនដំរីព្រៃមួយ ក្បាលទៀតបានកើតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល នេះ ហើយយើងរំពឹងថាអាចនឹងមានកូនដំរីកើតបន្ថែមទៀត នៅក្នុងតំបន់ដែលយើងបានអភិរក្ស និងការពារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here