ដំណឹងល្អ! សម្ដេចតេជោសម្រេចឱ្យចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនកម្មករប្រមូលសំរាម

0
16

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឱ្យចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនកម្មករប្រមូលសំរាម ក្នុងចំណោមអាទិភាព។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះបានឲ្យដឹងថា”យោងតាមអនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម Sinopharm Beijing Institute of Biological Products) ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអនុញ្ញាត ឱ្យបន្តចាក់ជូនដល់បងប្អូនដែលជាកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ បន្ថែមលើក្រុមមនុស្សដែលជាបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសជាតិ និងអាជ្ញាធរជួរមុខ”

ជាមួយគ្នានោះក្រសួងបាន ណែនាំទៅគណៈអភិបាលខេត្ត គណៈអភិបាលក្រុង/ស្រុក/ខណ្ឌ គណៈកម្មការភូមិ-ឃុំ-សង្កាត់ រៀបចំចាត់ចែងកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ ដែលមានអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅទីតាំងដែលត្រូវចាក់ជូនកម្មករប្រមូលសំរាមមានដូចខាងក្រោមនេះ៖

១, មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ
២, មន្ទីរពេទ្យបង្អែកព្រែកព្នៅ
៣, មន្ទីរពេទ្យបង្អែកច្បារអំពៅ
៤, មន្ទីរពេទ្យបង្អែកដង្កោ
៥, មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
៦, មន្ទីរពេទ្យបង្អែកចតុមុខ
៧, មន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ
៨, មន្ទីរពេទ្យបង្អែកពោធិចិនតុង។

LEAVE A REPLY

Please enter your comment!
Please enter your name here