ភ្នំពេញ៖ ចាត់ទុកជារឿងដ៏រសើបនិងរំភើបមួយដែរក្នុងពិភពសិល្បៈ ដោយអ្នកចម្រៀងរ៉េបកំពុងល្បីឈ្មោះ វណ្ណដា បានបង្ហាញវត្តមានជាមួយកំពូលអ្នកចម្រៀងចាប៉ី លោកតាគង់ ណៃ ក្នុងបទថ្មីក្រោមចំណងជើងថា Time to Rise ដែលកំពុងអង្រួនបេះដូងអ្នកស្តាប់ និងល្បីដល់ក្រៅស្រុក យកទៅធ្វើ Reaction ដៃលសុទ្ធសឹងឆាណែលល្បីឈ្មោះ ក្រោយបទនេះចេញកាលពីរាត្រីយប់ម្សិលមិញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។

បទ Time to Rise បានបង្ហាញស្តាយ៍ស្ទើរសព្វគ្រប់ក្នុងបទរបស់ខ្លួន ដោយលើកកម្ពស់ទាំងវប្បធម៌ និងអ្នកលេងចាប៉ីដងវែងលោកតាគង់ណៃ ដែលបានសបញ្ជាក់ថា អ្នកចម្រៀងសម័យកាលថ្មីមិនដែលភ្លេចនូវអតីតកាលចាស់ដ៏ផូរផង់របស់រៀបច្បងជំនាន់មុន គ្រប់វិស័យនោះទេ។

មានទាំងសូរសព័្ទនូវចាប៉ីដងវែងរបស់ព្រឹទ្ធាចារ្យ គង់ណៃ លាយឡំក្នុងបទចម្រៀងរបស់វណ្ណដា បានធ្វើឲ្យផ្ទៃនៃសាច់ភ្លេងក៏ដូចបទចម្រៀងមួយនេះ ត្រដែតឡើង ហាក់បំផុសគំនិតជាថ្មីម្តងទៀត កុំឲ្យភ្លេចនូវចាប៉ីដងវែងដែលជាសម្បត្តិមហាសាលមួយផ្នែក ក្នុងវិថីសិល្បៈខ្មែរ។ ក្រៅពីសំឡេងចាប៉ី នៅមានលាយឡំសាច់ភ្លេងជាច្រើន ដែលបង្ហើរតាមរយៈខ្លុយ និងឧបករណ៍ដ៏សំបូរបែបផ្សេងទៀត។ ទាំងបច្ចេកទេសថត ថ្វីបើមិនល្អឥតខ្ចោះ ក៏ប៉ុន្តែត្រូវបានចាត់ចូលជាចំណាក់ថ្នាក់ប្រសើរ ដែលអាចប្រកួតប្រជែង បានលើទីផ្សារអន្តរជាតិ។

ទន្ទឹមជាមួយគ្នានេះដែរ ក៏បានធ្វើឲ្យអ្នកសិល្បករសញ្ជាតិខ្មែរក្រៅស្រុកមួយរូប Hella Chluy ដែលជាអ្នក Remix បទចម្រៀង ចង់បានប្រពន្ធខ្មែរ ដែលល្បីល្បាញកាលពីឆ្នាំ ២០១៧ បានយកបទរបស់ វណ្ណដា ទើបតែចេញនេះ ទៅធ្វើ Reaction ដោយឆ្លុះបញ្ចាំងពីបទចម្រៀង មួយនេះ ថាពិតជាល្អ និងពិរោះលេខមួយតែម្តង ភ្លេងលេខមួយ ហើយ Video Production លេខមួយ។


ដោយឡែកអ្នក Reaction ម្នាក់ទៀតជាជនបរទេសវិញ ដោយប្រើប្រាស់ឆាលណែល CADZ Crew ធ្វើការ Reaction ដូចគ្នា ក៏បានលើកឡើងពីបទចម្រៀងនេះ ល្អដូចគ្នា ដែលមិនខុសពីលោក Hella Chluy ប៉ុន្មាននោះទេ។

បញ្ជាក់ផងដែរថា ត្រឹមរយៈពេល១៧ម៉ោង បទចម្រៀងរបស់ វណ្ណដា មានអ្នកទស្សនាចូលខ្ទង់ជាង ៥សែនដងទៅហើយ នៅលើឆាណែលយូធូបផ្លូវការរបស់អ្នករ៉េបខាងលើ៕


