តារាចម្រៀង ណុប ប៉ាយ៉ារឹទ្ធ ណែនាំដល់បងប្អូនជនរួមជាតិបន្ទាប់ពីស្រម៉ៃដល់ទិដ្ឋភាពលំបាក ពេលខ្លួនកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩

0
7

ភ្នំពេញ៖ ករណី សហគមន៍២០កុម្ភៈ មានតារានៅក្នុងប្រទេសកម្ពុជាមួយចំនួនបានមានការពាក់ព័ន្ធ កំពុងធ្វើចត្តាឡីស័ក ចំពោះអ្នកវិជ្ជមានជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាល ហើយក៏មានតារាមួយចំនួនបានជាសះស្បើយហើយផងដែរ ។ ក្នុងនោះតារាចម្រៀងលោក ណុប ប៉ាយ៉ារឹទ្ធ បានត្រលប់ទៅផ្ទះវិញកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ក្រោយពីទទួលលិទ្ធផលអវិជ្ជមាន ២ដង និងត្រូវបន្តធ្វើចត្តាឡីស័កបន្ត១៤ថ្ងៃ នៅក្នុងផ្ទះ លោកបានណែនាំដល់បងប្អូនជនរួមជាតិទាំងអស់សូមកុំមើលស្រាលដល់ជំងឺកូវីដ១៩ នេះដាច់ខាត ។

ក្នុងកំឡុងពេលធ្វើចត្តាឡីស័កនៅក្នុងផ្ទះ១៤ថ្ងៃតារាចម្រៀងលោក ណុប ប៉ាយ៉ារឹទ្ធ បានបង្ហោះសារតាមបណ្ដាសង្គមថា «ខ្ញុំចង់អោយបងប្អូនឆ្លៀតពេលអាន 🙏🏻🙏🏻🙏🏻
រូបភាពនេះគឺជាការប្រៀបធៀបដ៏ត្រឹមត្រូវ ពិតប្រាកដ្តបំផុត បងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់គឺជាអ្នកជម្ងឺកូវីដ១៩ ដែលត្រូវសម្រាកព្យាបាលអស់រយៈពេល២៥ថ្ងៃនៅសណ្ឋាគារ The great Duke Hotel ទើបតែបានជា មានឱកាសមកធ្វើចត្តាឡីស័កបន្តរនៅក្នុងបន្ទប់ដាច់តែឯង១៤ថ្ងៃនៅម្សុិលមុិញទេ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចកើតម្តងទៀត។ គ្រប់រូបភាពនិងអក្ការៈលំបាកដែលខ្ញុំបានឆ្លងកាត់វានៅជាប់នៅក្នុងការចងចាំរបស់ខ្ញុំមិនទាន់ភ្លេចទេ នឹកឃើញកាលណា គឺហាក់ដូចថ្មីៗណាស់ ខ្ញុំនៅខ្លាច នៅភ័យ នៅតែបារម្ភពីសុខភាពខ្លួនឯងជានិច្ច។

ខ្ញុំបានហែលឆ្លងនៅអការៈពេលមេរោគកំពុងវាយប្រហារភ្លាមៗ ខ្ញុំអត់ដឹងថាអធិប្បាយយ៉ាងណាអោយបងប្អូនយល់ ដោយសារពេលនោះខ្ញុំតក់ស្លុតពេលដឹងថាខ្លួនឯងក្លាយជាអ្នកជម្ងឺកូវីត ភ័យ រាងកាយចាប់ចុះខ្សោយ ញ៊ាំបាយបានតែមួយស្លាបព្រា អការៈជម្ងឺចាប់ធ្វើទុក្ខសន្ធប់ភ្លាមៗ គេងក៍មិនលក់៥នាទីភ្ញាក់ៗ ញ៊ាំក៍មិនចូល ទឹកក៏ផឹកមិនចូល អណ្តាតភ្លាវល្វីង ក្អក ក្អួត រាគ គ្មានកម្លាំង ហត់ រហូត សន្លប់២ដងគេងក្បែរចានបង្គន់ក្នុងបន្ទប់ទឹក។

សម្រាប់អ្នកដែលមិនជឿថែមទាំងប្រមាថ នោះហើយគឺជាហានិភ័យ ព្រោះមិនទាន់ឆ្លងកាត់។ ប៉ុន្តែសូមបងប្អូនពិចារណាថា តើបងប្អូនប្រាកដទេ ថារាងកាយបងប្អូនគ្មានជម្ងឺប្រចាំកាយសោះ? បងប្អូនប្រាកដទេថាបងប្អូនសុខភាពល្អ? បងប្អូនប្រាកដទេថាបងប្អូនបានពិនិត្យសុខភាពរៀងរាល់៣ខែម្តង? ហើយបងប្អូនប្រាកដទេថាបើនៅតែគ្មានការប្រុងប្រយ័ត្ន បងប្អូនអាចគេចផុតពីការឆ្លងកូវីដមកខ្លួនឯង និងគ្រួសារ? អ្នកខ្លះនៅតែយល់ថា វាមានហានិភ័យខ្ពស់តែនៅលើមនុស្សចាស់អាយុច្រើន មានជម្ងឺប្រចាំកាយបើគិតបែបនេះ សួរថាតើគ្រួសារបងប្អូនមានមនុស្សចាស់ទេ ? បើមានត្រូវតែបារម្ភ។

បងប្អូនដឹងទេថាមេរោគបំលែងថ្មីបច្ចុប្បន្នគ្រូពេទ្យបានប្រកាសហើយ ថាវាកាន់តែកាចសាហាវ ពិនិត្យ២ ៣ដងបានឃើញ ទម្រាំឃើញអ្នកជម្ងឺខ្លះខូចសួតបាត់ទៅហើយ រឹតតែបង្ករហានិភ័យ និងមានសង្ឃឹមតិចណាស់ក្នុងការសង្គ្រោះ។ ពេលនេះគឺជាពេលដែលយើងគ្រប់ៗគ្នាម៉្មើងម៉ាត់ចំពោះខ្លួនឯង និង ដាក់វិន័យក្នុងគ្រួសារ អោយប្រកាន់ភ្ជាប់គោលការ៣កុំ ៣ការពារ ដាច់ខាតកុំចចេស កុំប្រមាថ មិនអាចយកជីវិតមកលេងសើចនិងកូវីដបានទេ។

សំណេររបស់ខ្ញុំវែងៗបន្តិច តែខ្ញុំពិតជាបារម្ភ ពិតជាភ័យខ្លាចជួសបងប្អូន បារម្ភពីគ្រួសារខ្លួនឯងផង បារម្ភពីបងប្អូនដូចគ្នា មិនចង់ឃើញបងប្អូនណាកើតបន្តរ ឬ ចម្លងទៅដល់គ្រួសារ ពិសេសដល់ ពូ មីង យាយតាចាស់ៗ ដែលគាត់មានជម្ងឺប្រចាំកាយស្រាប់ ឬក៍មានវ័យជរា។

សូមបងប្អូនក្រើនរំលឹកខ្លួនឯងជានិច្ចថា ត្រូវតែប្រយុទ្ធប្រឆាំងនិងកូវីដ ត្រូវតែការពារខ្លួន និង គ្រួសារពីវាអោយបាន 💪🏻💪🏻💪🏻
សូមជូនពរអោយបងប្អូនទាំងអស់ ពង្រឹងស្មារតី រឹងមាំ ការពារខ្លួនឯង និងគ្រួសារ ដាច់ខាតកុំអោយក្លាយខ្លួនជាជនរងគ្រោះដោយការឆ្លងនៅមេរោគកូវីដ១៩អោយសោះ💪🏻💪🏻💪🏻សូមជូនពរបងប្អូន ពូមីង យាយតា មានសុខភាពល្អ កម្លាំងមាំមួន ជៀសផុតពីការឆ្លងរីករាលដាលបន្តរ ពិសេសចងចាំនិងអនុវត្តន៍ដាច់ខាត គោលការណ៍៣កុំ ៣ការពារ។
សូមអរគុណ🙏🏻🙏🏻🙏🏻»៕

LEAVE A REPLY

Please enter your comment!
Please enter your name here