ភ្នំពេញ៖ រំលឹកពីកម្មវិធីប្រកួត Cambodian’s Got Talent កាលពីឆ្នាំ២០១៥ ពលរដ្ឋកម្ពុជាទូទាំងប្រទេសប្រាកដជាស្គាល់នឹងដឹងច្បាស់ថាជ័យលាភីចំណាត់ថ្នាក់លេខ១ គឺបានទៅលើតារាចម្រៀងពិការភ្នែកមួយរូបដែលធ្វើឱ្យអ្នកគាំទ្រពេញចិត្ដយ៉ាងខ្លាំងនូវសំឡេង ហើយនឹងទេពកោសល្យដ៏ប៉ិនប្រសព្វគឺលោក យឿន ពិសី ដែលទើបនឹងរកបានដៃគូជីវិតថ្មីៗនេះផងដែរ។
ប៉ុន្តែពេលថ្មីៗនេះម្ចាស់ពាន Cambodian’s Got Talent បានបញ្ចេញការឈឺចាប់ដោយបង្ហោះវីដេអូលើបណ្ដាញសង្គមរៀបរាប់ពីការឈឺចាប់ លាយជាមួយទឹកភ្នែកថា រយៈពេលជាង៦ឆ្នាំហើយដែលបានស៊ូទ្រាំឱបពាន តាំងពីទទួលបានជ័យលាភីលេខ១ មកនេះគឺចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់ឆ្នាំ២០២១។
លោកបន្តថា ខ្លួនពិតជាទទួលរងភាពអយុត្តិធម៍ខ្លាំងណាស់ ដោយសារសព្វថ្ងៃមានត្រឹមឈ្មោះជាម្ចាស់ពាន តែមិនដែលបានឡើងឆាកដូចគេសោះ ទាំងដែលរូបលោកមិនដែលកំណត់តម្លៃខ្លួន ដូចតារាផ្សេងៗឡើយ។
លោកថ្លែងបញ្ជាក់ទាំងឈឺចាប់ថា «បើអាចបង្វិលពេលវេលាឱ្យថយក្រោយបាន ខ្ញុំសុំមិនជាប់ជ័យលាភីលេខ១ នេះល្អជាងជាប់ធ្វើអីបើក្នុងមួយឆ្នាំមិនបានឡើង ១ឆាកនឹងគេផង ឱ្យខ្ញុំរំពឹងអី»៕





