ភ្នំពេញ៖ ខ្សែភាពយន្ដខ្មែរបុរាណដែលដិតជាប់ក្នុងអារម្មណ៍អ្នកទស្សនានូវភាពព្រឺព្រួច រន្ធត់ ភ័យប៉ះសក់ ដែលជាទេពកោស្យសម្ដែងដ៏ល្អគ្មានទាស់ របស់តួអង្គនីមួយៗ ទស្សនិជនប្រាកដជានឹកឃើញដល់រឿង «ខ្មោចចេកជ្វា» ជាក់ជាពុំខាន ខណៈតួអង្គនាង នុត ដែលមានឈ្មោះពិតថា អ្នកនាង សាំង ភស្ដា ដែលជាតារាជាសម្ដែងមួយរូបដែលប៉ិនប្រសព្វ ហើយក៏ជានាដការីរបាំបុរាណខ្មែរផងនោះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលអ្នកនាងបានបង្ហាញមុខក្នុងកម្មវិធីសម្ភាសន៍ 3FUN កាលពីថ្មីៗនេះ ក្រោយបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ។
តាមការសង្កេតឃើញថាក្រោយរៀបការមានគ្រួសារមក គេក៏ពុំសូវឃើញមានវត្តមានអ្នកនាង សាំង ភស្ដា សម្ដែងដូចមុនឡើយ ដែលធ្វើឱ្យអ្នកគាំទ្រនឹករឭកដល់អ្នកនាងយ៉ាងខ្លាំង ។ ស្រាប់តែថ្មីៗនេះ អ្នកនាង សាំង ភស្ដា ក៏បានបង្ហាញមុខសាជាថ្មីនៅក្នុងកម្មវិធីកម្សាន្តមួយ ដោយអ្នកនាងបានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាជាច្រើនឆ្នាំណាស់មកហើយដែលអ្នកនាងមិនបាននៅលើកញ្ចក់ទូរទស្សន៍ ទើបតែពេលនេះអ្នកនាងបានវិលមកម្ដងទៀតពិតធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តខ្លាំង។
គួឱ្យដឹងថា ក្រោយពីរូបភាពមួយចំនួនដែលឡើងកម្មវិធីរបស់អ្នកនាងបានបង្ហោះចូលក្នុងហ្វេសផេកក្នុងនោះដែរ ក៏ឃើញអ្នកគាំទ្រស៊ែរ ខមិនចែករំលែកគ្នា ដោយក្ដីស្រឡាញ់ និង នឹករឭកខ្លាំងទៅកាន់អ្នកនាង ហើយអ្នកគាំទ្រក៏សង្ឃឹមថាអ្នកនាងនឹងអាចវិលត្រឡប់មកសម្ដែងរឿងវិញផងដែរ៕




