ភ្នំពេញ៖ តារាជើងចាស់ជាច្រើនរូបក្នុងព្រះរាជាណាចក្រកម្ពុជាបានចាកឆ្ងាយពីវិស័យសិល្បៈដោយមានខ្លះទៅរស់នៅក្រៅប្រទេស ខ្លះទៀតក៏បានប្រកបមុខរបរផ្សេងៗ ខណៈតារាជើងចាស់នាំមុខគេអ្នកនាង ខាត់ សុឃីម នៅតែបន្តមានភាពល្បីល្បាញ ទាំងក្នុងវិស័យសិល្បៈបុរាណ និងសម័យ ហាក់គ្មានទំនេរសោះឡើយ។
ទោះបីររវល់ការងារផ្ទាល់ខ្លួនក្នុងវិស័យសិល្បៈខ្លាំងយ៉ាងណាក៏ដោយអ្នកនាង ខាត់ សុឃីម នៅឆ្លៀតពេលជួយបំផុសគំនិតទៅកាន់អ្នកគាំទ្រ ឱ្យមានការចាប់អារម្មណ៍ទៅវិស័យប្រកួតជ្រើសរើសកញ្ញាឯកកម្ពុជាជានិច្ច ។អ្នកនាងតែងតែលើកសរសើរថា ការប្រកួតជ្រើសរើសកញ្ញាឯកកម្ពុជា គឺមិនត្រឹមតែយកសម្រស់នារីកម្ពុជាទៅបង្អួតលើឆាកអន្តរជាតិប៉ុណ្ណោះទេ តែថែមទាំងអាចយកសិល្បៈវប្បធម៍ខ្មែរទៅបង្ហាញឱ្យពិភពលោកបានស្គាល់ថាគឺជារបស់ខ្មែរពិតប្រាកដ មិនមែនរបស់ជាតិសាសន៍ផ្សេងឡើយ។
អ្នកនាង ខាត់ សុឃីម បានរំពឹងថានៅពេលកូនស្រីជាទីស្រលាញ់ធំពេញវ័យ អ្នកនាងនឹងជំរុញលើកទឹកចិត្ដ ជួយជ្រោមជ្រែងឱ្យអស់ពីលទ្ធភាពដើម្បីចូលរួមប្រកួតក្នុងកម្មវិធីប្រកួតសមត្ថភាព សម្រស់ យកជ័យលាភីល្អ បានទៅបន្តការប្រកួតនៅលើឆាកអន្តរជាតិដូច កញ្ញាឯករាមច្បងដែរ ។ អ្នកនាងបានបង្ហើបថាកូនទាំងពីររបស់អ្នកនាងគឺមានដុងលើវិស័យសិល្បៈច្រើន ពិសេសផ្នែកតន្ត្រីបុរាណ-សម័យ តែដោយសារពួកគេស្ថិតក្នុងវ័យសិក្សាទើបអ្នកនាង មិនទាន់ឱ្យពួកគេផ្ដោតខ្លាំងទៅលើវិស័យសិល្បៈឡើយ៕



