ភ្នំពេញ: តារាចម្រៀង Original Song និងជាអ្នកធ្វើការងារសង្គមដ៏សស្រាក់សស្រាំម្នាក់ផងនោះ លោក សាយ បានឱ្យដឹងថា លោក និងសមាជិកក្រុម Run with Sai ចំនួន ៦នាក់បាននាំគ្នាទៅប្រមូលសំរាមនៅឧទ្យានគិរីរម្យ។
កាលពីចុងខែមិថុនា ត្រូវនឹងថ្ងៃទី៣០ ឆ្នាំ២០២១ តារាចម្រៀង សាយ បានចេញមកបញ្ចេញនូវសំណេរតាមរយ:ហ្វេសប៊ុកយ៉ាងដូច្នេះថា ” ដោយដឹងមាយាទរបស់អ្នកដើរព្រៃស្រុកខ្មែរយើងមួយចំនួន ពួកយើងបានប្រមូលគ្នា 6 នាក់ពីក្រុម RUNWITHSAI មកធ្វើការរើសសំរាម នៅចំណុចសសរស្ដុក លើឧទ្យានគិរីរម្យ។ ពួកយើងបានញែកសំរាម តាមប្រភេទដូចជា ដប កំប៉ុង និងសំរាមផ្សេងៗ រួចបានដឹកយកទៅកន្លែងរៀបចំសំរាមរបស់អាជ្ញាធរនៅលើឧទ្យានគីរីរម្យ ដើម្បីធ្វើការដុតចោលដោយប្រើឡ និងសំរាមខ្លះទៀតសម្រាប់ការប្រើប្រាស់ឡើងវិញ”។
លោក សាយ បានអំពាវនាវ សូមមេត្តារក្សាបរិស្ថានស្អាតទាំងអស់គ្នាដើម្បីរមណីយដ្ឋានស្អាត ដើម្បីជាតំបន់ទេសចរណ៍ទៅថ្ងៃខាងមុខទៀត។ ពួកយើងមិនអាចមករើសសំរាមរហូតទេ តែបើអ្នកទាំងអស់គ្នាចេះវេចខ្ចប់សំរាមត្រឡប់មកវិញនោះ តំបន់ទេសចរណ៍ស្អាតៗនានានៅក្នុងព្រៃ ក៏នឹងមិនមានសំរាមដែរ។ សូមដើរលេងដោយការទទួលខុសត្រូវ។សំរាមមិនគួរឱ្យស្អប់ទេមនុស្សដែលចោលសំរាមទេដែលគួរអោយស្អប់៕