ភ្នំពេញ៖ ក្រោយពីអ្នកនាង ខ្ញុង ឡាយនៅក្នុងបណ្ដាញសង្គម ថាលាឈប់ពីសិល្បៈធ្វើឱ្យអ្នកគាំទ្រជាច្រើនផ្ទុះការសោកស្ដាយជាច្រើនដែលមានការបញ្ចេញមតិនៅលើសង្គមហ្វេសបុក មិនចង់ឱ្យតារាកំប្លែងស្រីប្រចាំនៅទូរទស្សន៍ CTN រូបនេះចាកចេញពីសិល្បៈឡើយ ខណៈនៅក្នុងការសម្ភាសន៍របស់អង្គភាពសារព័ត៍មានមួយនាពេលថ្មីៗនេះអ្នកនាង ខ្ញុង បានលើកដៃសំពះ សុំទោសទាំងទឹកភ្នែកចំពោះលោកតា វ៉ិច ទ័រ ដែលធ្វើឱ្យគាត់មានការលំបាកកន្លងមក។
យោងតាមវីដេអូមួយដែលអង្គភាពសារព័ត៍មានបានសម្ភាសន៍អ្នកនាង ខ្ញុង បានថ្លែងឱ្យដឹងថា រូបអ្នកនាង មិនបានលាឈប់ពីសិល្បៈឡើយ គឺគ្រាន់តែសុំបញ្ឈប់កុងត្រាជាមួយប៉ុសទូរទស្សន៍ CTN តែប៉ុណ្ណោះ មូលហេតុដោយសារក្រោយពីសម្រាលកូនហើយអ្នកនាងពុំសូវបានចូលរួមថតសម្ដែងឱ្យខាងទូរទស្សន៍ទើបអៀនខ្មាស់មិនហ៊ាននៅបន្តបើកប្រាក់ខែដោយមិនបានធ្វើការបែបនេះ។
អ្នកនាងបន្តថា «កូនអ្នកនាងដែលទើបសម្រាលគឺកើតមិនគ្រប់ខែ មិនគ្រប់គីឡូទើបតម្រូវឱ្យអ្នកនាង និងស្វាមីនៅមើលថែដិតដល់ មួយទៀតមូលហេតុដែលមិនអាចជួលអ្នកណាមកមើលថែកូនជំនួសដោយសារសម័យកាល កូវីដ១៩មិនហ៊ានប្រថុយយកអ្នកក្រៅមកចូលផ្ទះឡើយ ទើបអ្នកនាងសម្រាច់ចិត្ដសុំផ្ដាច់កុងត្រាជាមួយទូរទស្សន៍តែម្ដងទៅ»។
អ្នកនាង ខ្ញុង បានបញ្ជាក់ថា «ទោះបីជាសុំបញ្ចប់កុងត្រាជាមួយទូរទស្សន៍មែនក្ដីតែអ្នកនាង មិនលាឈប់ពីសិល្បៈឡើយ គឺអ្នកនាងនៅតែបន្តទៅថតស៊ីលុយជាលក្ខណៈកម្មវិធី គឺមិនយកជាប្រាក់ខែពីទូរទស្សន៍ដូចមុនឡើយ» ។ អ្នកនាងក៏បានលើកដៃសំពះសុំទោសទាំងទឹកភ្នែកហូរហាម សុំទោសទៅកាន់លោកតា វ៉ិច ទ័រ ដែលតែងតែធ្វើឱ្យលោកមានការលំបាកកន្លងមកដោយសារបញ្ហាអ្នកនាងមិនបានចូលរួមថតកម្មវិធី បែបនេះហើយទើបអ្នកនាងសម្រាច់សុំបញ្ចប់កុងត្រាតែម្ដងកុំឱ្យលោកតា វ៉ិច ទ័រ មានការលំបាកកាន់តែច្រើនជាងនេះទៀត៕





