ភ្នំពេញ៖ ពិធីករនីមួយរូបដែលមានភាពល្បីល្បាញជាពិធីការនីដ៏ឆ្នើមស្ទើរតែមិនដែលអវត្ដមានក្នុងកម្មវិធី តន្ត្រីស្រុកស្រែអ្នកនាង ស៊ឹម សូលីកា បានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំងនាពេលថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសបុក ដោយសារនៅក្នុងកម្មវិធីមួយអ្នកនាងមានជាប់ពាក់ព័ន្ធជាមួយបុគ្គលដែលបានឆ្លងជំងឺកូវីដ១៩ ជាមូលហេតុធ្វើឱ្យអ្នកភ័យខ្លាចថាខ្លួននឹងក្លាយជាភ្នាក់ងារចម្លងជំងឺនេះដល់គ្រួសារ។
កាលពីម្សិលមិញនៅលើបណ្ដាញសង្គមផេកហ្វេសបុកផ្ទាល់ខ្លួនរបស់អ្នកនាង ស៊ឹម សូលីកា បានបង្ហោះរូបភាពដែលកំពុងធ្វើតេស្ដជំងឺកូវីដ១៩ ដោយឧបករណ៍តេស្ដរហ័សភ្ជាប់ជាមួយសារមួយឃ្លាថា ខ្ញុំតែងតែគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមបីការពារ បីកុំ តាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាងបានបន្តបង្ហាញអារម្មណ៍ដែលក្ដុកក្ដួលថា «ខ្ញុំពិតជាមិនចង់រុកច្រមុះបែបនេះទេ ខ្ញុំខ្លាចណាស់ ខ្លាចឆ្លងកូវីដ១៩ ខ្លាចបន្តការចម្លងដល់គ្រួសាររបស់ខ្ញុំ ជាពិសេសម្ដាយវ័យចាស់នៅផ្ទះដែលមានជំងឺស្រាប់ផង ខ្ញុំរឹតតែមិនចង់ផ្ដល់បន្ទុកលំបាកបន្ថែមដល់ថ្នាក់ដឹកនាំប្រទេសនោះទេ»។
អ្នកនាងបានបញ្ជាក់ក្នុងសារដដែលថា « ខ្ញុំបានធ្វើការនៅក្នុងបន្ទប់ស្ទូឌីយោម៉ាសុីនត្រជាក់បិទជិតជាច្រើនម៉ោង អ្វីដែលសំខាន់ ហើយខ្ញុំបារម្មណ៍ខ្លាចបំផុតនោះគឺភ្ញៀវដែលមកចូលរួមទាំងអស់ត្រូវបានអ្នកផលិតកម្មវិធីមិនអោយពួកគេពាក់ម៉ាស់នោះទេ តើអ្នកណាអាចទទួលខុសត្រូវចំពោះរឿងនេះ ??? តើការដកដង្ហើមនៅក្នុងបន្ទប់ស្ទូឌីយោរយ:ពេលច្រើនម៉ោង ហើយមានមនុស្សច្រើនមកពីគ្រប់ទិសទីបែបនេះ ហេតុអីក៏អស់លោកអ្នកនៅតែបំពានហ៊ានតតាំងជាមួយមេរោគCOVID-19 បែបនេះ ??? ខ្ញុំនិងក្រុមការងារមួយចំនួនភ័យខ្លាចណាស់ ពេលជួបមនុស្សដែលមិនពាក់ម៉ាស់ មកឈរនិយាយនៅក្បែរ តែគ្មានជម្រើសទេ។
ជាការពិតណាស់មួយថ្ងៃកន្លងមនុស្សដែលបានរួមការងារនៅក្នុងបន្ទប់ស្ទូឌីយោនោះមានវិជ្ជមានកូវីដ១៩ហើយបានរកឃើញជាបន្តបន្ទាប់បើសិនជាខ្ញុំបានដឹងមុនខ្ញុំប្រាកដជាមិនហ៊ានទៅធ្វើការទេតែពួកយើងសុទ្ធតែមិនដឹងដូចគ្នាសូម្បីតែអ្នកដែលបានរកឃើញថាមានផ្ទុកមេរោគក៏គាត់ស្មានមិនដល់ថាគាត់មានឆ្លងមេរោគនោះឡើយ។
អ្នកនាង ស៊ឹម សូលីកា បានអំពាវនាវថា «ដូច្នេះនាងខ្ញុំសូមជម្រាបដំណឹងនេះទៅដល់មិត្តសិល្បៈករទាំងអស់ដែលមកច្រៀងនៅក្នុងកម្មវិធីកាលពីថ្ងៃ ១៣/១៤ កក្ដដា ២០២១ កន្លងទៅ មេត្តាជ្រាបជាដំណឹងផង ។ ដោយក្តីគោរព ស្រលាញ់បំផុតឮ សូមបងប្អូនចូលរួម ៣ការពារ ៣កុំ»៕