ភ្នំពេញ៖ នៅទីនេះ តារាសម្តែង អន រ៉ាស៊ីសុមេត្តា ហៅណូម័រ សុំមិននិយាយរឿងរ៉ាវពាក់ព័ទ្ធអតីតកាលដ៏ឈឺចាប់ចំពោះស្នេហានោះទេ ប៉ុន្តែតារាសម្តែងដ៏ស្រស់សោភានេះ បានលើក ឡើងពីចំណុចដែលធ្វើឲ្យខ្លួនរឹងមាំជាងមុន ថ្វីបើជួបរឿងជូរចត់ជាច្រើនកន្លងមក។
ណូម័រ បានលើកឡើងថា ពាក្យថាស្នេហានៅទីនេះសុំធីបចោល ដូច២ប៊ិច ក្នុងវង់ល្បែងដោយសុំមិននិយាយបន្ត ប៉ុន្តែនាងបានលើកឡើងថា នៅចំពោះមុខនេះ អ្វីដែលត្រូវគិតគឺរឿងជីវិត ទៅថ្ងៃក្រោយ ថាធ្វើយ៉ាងម៉េចមានបាន ព្រោះអីនាងនៅមានម៉ាកនិងបងប្អូនរងចាំមើលថែ ជាច្រើនទៀត។
ណូម័រ ថា អ្វីៗដែលកើតឡើងសុំមិននិយាយឲ្យវែងឆ្ងាយទេ ចប់ហើយឲ្យចប់ទៅចុះ។ អន រ៉ាស៊ីសុមេត្តា បានបន្តថា ខ្ញុំគ្មានវិធីអីច្រើនទេ ក្នុងការបំភ្លេចរឿងរ៉ាវទាំងនេះ គឺមានតែ ២ ទៅ ៣ចំណុចប៉ុន្តែ រឿងដែលខ្ញុំគិតដំបូងគេគឺអ្នកម្តាយរបស់ខ្ញុំ ខ្ញុំត្រូវមើលថែគាត់ និងបងប្អូនរបស់ខ្ញុំជាច្រើនទៀត នឹកដល់រឿងនេះ ទោះទុក្ខធំប៉ុណ្ណា ក៏ខ្ញុំបំភ្លេចបានដែរ ។ រឿងទី២ គឺខ្លួនខ្ញុំ ផ្ទាល់ ខ្ញុំមិនអាចបោះបង់ចោលខ្លួនខ្ញុំនោះទេ ទោះនរណាបោះបង់ខ្ញុំចោលក៏ដោយ ។ ចំណែករឿងទី៣ ខ្ញុំត្រូវតែមានការងារធ្វើឲ្យរវល់ ពោលគឺរកថវិកាដើម្បីជួយដល់ខ្លួនឯង និងគ្រួសារ ។
សុមេត្តា បន្តថា ចំណុចទាំងនេះដែលធ្វើឲ្យខ្ញុំលែងខ្វល់រឿងរ៉ាវអ្វីៗទាំងអស់ ។ បើនិយាយពីស្នេហាវិញ ស្ត្រីស្ពាយឈ្មោះមេម៉ាយរូបនេះ បានបន្តថា សម្រាប់អនាគតដៃគូស្នេហាជីវិត នៅ ពេលខាងមុខ មិនខ្វល់មានក្រនោះទេសំខាន់ឲ្យតែយល់ពីចិត្តនាង និងគ្រួសារ ព្រោះថាលុយរកបានតាមក្រោយ ហើយកាន់តែលែងហ៊ានប្រាថ្នាអ្នកមានទ្រព្យស្តុក ព្រោះខ្លាចឈឺចាប់ ៕












