ភ្នំពេញ៖ ស្របពេលដែល តារាស្រីសាច់សខ្ចី មាន សូនីតា ទទួលបានដំណឹងភ្លាមៗពីកម្មវិធី ដំណើរកម្សាន្ត “សាកថ្មជីវិត” ដែលពេលនោះ តារាស្រីត្រូវបានអញ្ជើញធ្វើជាវាគ្មិនកិត្តិយសដំបូងបំផុត តួស្រីដ៏ល្បីរូបនេះមិនស្ទាក់ស្ទើរនោះទេ ដោយយល់ព្រមភ្លាមៗ ក្នុងនាមជាអ្នកចូលចិត្តធ្វើដំណើរកម្សាន្តទាំងក្នុងស្រុក និងក្រៅស្រុក។
ជាមួយបទពិសោធន៍នៃដំណើរកម្សាន្តខាងលើ ដែលធ្វើឡើងកាលពីចុងខែមុន មាន សូនីតា បានបញ្ចេញបទពិសោធន៍មិនធ្លាប់ជួបមួយ ដែលជាដំណើរកម្សាន្តទៅកាន់ខេត្តកំពត។ ដំណើរកម្សាន្ត “សាកថ្មជីវិត” ក៏ទើបនឹងចាប់ដំណើរការផ្គត់ផ្គង់សេវាជាលើកទី១ដែរ។
តួអង្គស្រីដែលត្រូវប៉ាន់ក្នុងការសម្តែង និងខ្សែភាពយន្តជាច្រើន មាន សូនីតា បានលើកឡើងថា ដោយគ្រាន់តែលឺឈ្មោះកម្មវិធីដំណើរកម្សាន្ត “សាកថ្មជីវិត” ភ្លាម និងខ្លឹមសារទាំងស្រុងនៃកម្មវិធីដំណើរនេះកម្សាន្តនេះ ខ្ញុំមិនលាក់បាំងនោះទេ គឺឆ្លើយថា យល់ព្រមភ្លាមៗតែម្តង ក៏ព្រោះតែវាប្លែកជាងអ្វីដែលនាងខ្ញុំធ្លាប់ជួបកាលពីអតីត ដែលអាចចាត់ទុកថាជាដំណើរកម្សាន្តមួយដ៏ប្លែកបំផុត។
ចំណុចពិសេសនៃកម្មវិធីដំណើរកម្សាន្ត”សាកថ្មជីវិត” នេះ បើតាម រាជិនីក្រមា មាន សូនីតា ប្រាប់ឲ្យដឹងថា កម្មវិធីនេះ បានប្រមូលផ្ដុំដោយអ្នកដែលមានវិបត្តិផ្លូវចិត្ត ខូចចិត្ត ឬបាក់ទឹកចិត្ត នឹងបញ្ហាជាច្រើននៅក្នុងឆាកជីវិត។ ក្នុងនោះបានចែករំលែកនូវបទពិសោធន៍ ក្នុងជីវិតរវាងគ្នា និងគ្នា ។

តួស្រីក្នុងរឿង «ដើម្បីកូន» បានបន្តថា ក្រៅពីទទួលបានមិត្តភក្តិថ្មី កម្មវិធីហ្នឹង ខ្ញុំដូចរៀនបានច្រើនទៀតពីរឿងរ៉ាវជីវិត ដឹងពីរបៀបរស់នៅប្រឈមនឹងបញ្ហា ដែលធ្វើឲ្យយើងរឹងមាំាជាងមុន។ លើសពីនេះយើងបាន ចែករំលែកបទពិសោធន៍ជីវិតដែលជួបបញ្ហា និងមានវគ្គពង្រឹងស្មារតី ជាដើម។ ទាំងនេះវាកាន់តែធ្វើឲ្យយើងរៀបចំខ្លួនយ៉ាងល្អដើម្បីទប់ទល់ជាមួយនឹងបញ្ហា ។
មាន សូនីតា ថាបន្ថែមថា កម្មវិធីដំណើរកម្សាន្តនេះល្អណាស់ ព្រោះរាល់ថ្ងៃនេះ មនុស្សយើងតែងតែជួបនូវបញ្ហាក្នុងជីវិត តិចឬច្រើន ហើយបើមានកម្មវិធីបែបអ៊ីចឹងៗ ដែលដើរលេងផង រៀនពីជីវិតផង នាងខ្ញុំនឹងបន្តចូលរួមសម្រាប់វគ្គក្រោយៗទៀត ក្នុងករណី បើមានឱកាស។
កញ្ញាថា កម្សាន្តចុងក្រោយជាមួយ អមតា គឺបានរៀនយ៉ាងច្រើនបន្ថែមទៀតពីជីវិត ដែលជាចំណុចសំខាន់មួយទៀត។ នាងថា ចង់ជោគជ័យលើអ្វីមួយ ផ្ដើមចេញពីជោគជ័យលើការចាត់ចែងជីវិតមុនសិន ជម្រះចិត្តសៅហ្មងឲ្យស្អាត ទើបធ្វើកិច្ចការអ្វីមួយបានលទ្ធផលល្អ។
កម្មវិធីដំណើរកម្សាន្ត “សាកថ្មជីវិត” រៀបចំដោយក្រុម Amata-អមតា បានធ្វើឡើងកាលពីចុងខែមករា ឆ្នាំ២០២១ ដោយមានវត្តមាន មាន សូនីតា និងអ្នកចូលរួមផ្សេងទៀតចំនួន ២០នាក់ ។ ដំណើរកម្សាន្តនេះធ្វើដំណើររយៈពេល ២ថ្ងៃ ដោយឆ្ពោះដំណើរទៅកាន់ កន្លែងកម្សាន្តល្បីៗក្នុងទឹកដីខេត្តកំពត ៕





