សត្វគោជាច្រើនក្បាលក្នុងភូមិអ្នកតាទ្វា ស្រុកមោងឬស្សី កើតរោគសញ្ញាចម្លែកពេទ្យចាក់ថ្នាំមិនបាត់

0
25

បាត់ដំបង៖ សត្វគោប្រមាណជាង១០ក្បាល ស្ថិតក្នុងភូមិអ្នកតាទ្វា ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង បានផ្ទុះមានរោគសញ្ញាចម្លែក ធ្វើឱ្យពលរដ្ឋជាម្ចាស់គោមានការព្រួយបារម្ភ សំណូមពរដល់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងព្យាបាល ខណៈពលរដ្ឋបានអញ្ជើញគ្រូពេទ្យសត្វប្រចាំភូមិមកចាក់ថ្នាំព្យាបាលហើយនៅតែមិនជាសះស្បើយ។

លោក ស្រី ផៃ ប៉េម ជាម្ចាស់សត្វគោដែលផ្ទុះរោគសញ្ញាចម្លែកបានថ្លែងឱ្យដឹងថា ក្នុងគ្រួសារលោកស្រីសព្វថ្ងៃមានចិញ្ចឹមគោចំនួន ១០ក្បាល ដែលរាល់ថ្ងៃគោរបស់គាត់២ក្បាលបានចេញរោគសញ្ញាចម្លែក ។

លោកស្រីបន្តថា «មុនដំបូងគោរបស់គាត់បានចេញដុំពក លើខ្លួនដោយនឹកស្មានថាជាស្នាមត្រូវសត្វល្អិតទិច (សត្វស្រាំង)តែដល់ពេលសង្កេតមើលយូទៅក៏ដឹងថាជារោគសញ្ញាចម្លែក ក៏បានទៅហៅគ្រូពេទ្យប្រចាំក្នុងភូមិមកចាក់ថ្នាំនៅតែមិនបាត់» ។

លោកស្រីបន្ថែមថា គោដែលមានរោគសញ្ញាចម្លែកទាំងអស់ត្រូវមានចងឱ្យនៅដាច់ដោយ ឡែកពីគេព្រោះខ្លាចរោគសញ្ញានេះជាប្រភេទជំងឺឆ្លង។

ចំណែកពលរដ្ឋជាម្ចាស់គោម្នាក់ទៀតឈ្មោះលោក ស្រី ចក់​ ធង់ បានថ្លែងឱ្យដឹងផងដែរថា តាំងពីដើមមកក្នុងភូមិអ្នកតាទ្វា នេះពុំដែលបានជួបប្រទះរោគសញ្ញាបែបនេះនៅលើសត្វគោឡើយ ។

លោកស្រីបន្ថែមថា «ការដែលសត្វគោក្នុងភូមិនេះផ្ទុះរោគសញ្ញានេះគឺដំណាលគ្នាប្រមាណជាង១០ក្បាល ដោយមុនដំបូងមានឃើញឡើងដុំពកលើខ្លួន បន្ទាប់មកក៏កើតជាហើមជើងគួឱ្យខ្លាច» ។

លោកស្រីបន្តថា តាមការណែនាំរបស់គ្រូពេទ្យសត្វប្រចាំភូមិបានជំរុញឱ្យពលរដ្ឋស្នើរទៅកាន់មន្រ្តីជំនាញចុះមកពិនិត្យមើល ព្រោះកំរិតថ្នាំដែលបានចាក់គឺមិនអាចព្យាបាលសត្វគោទាំងអស់នេះឱ្យជាទាំងស្រុងឡើយ ។

ពលរដ្ឋជាង ៤០០គ្រួសារ ដែលមានប្រមាណ ៧០%ជាអ្នកប្រកបរបរចិញ្ចឺមសត្វគោ រស់នៅភូមិអ្នកតាទ្វា ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង សំណូមពរដល់អាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញ សូមជួយចុះត្រួតពិនិត្យ ព្យាបាលសត្វគោឱ្យបានឆាប់តាមដែលអាចធ្វើទៅបានផងចុះ ព្រោះពលរដ្ឋទាំងអស់ភ័យខ្លាចរោគសញ្ញានេះកើតឆ្លងដល់គោផ្សេងៗទៀតនោះប្រាកដជាខាតបង់កាន់តែច្រើនជាក់ជាពុំខានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here