នារីខ្មែរម្នាក់ ដែលចាញ់បោកមេខ្យល់ នាំទៅលក់នៅចិន ក្រោមរូបភាពរៀបការ ជាមួយជនជាតិចិន មានសុវត្ថិភាពហើយ!

0
6

ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារប្រតិកម្មរហ័ស អគ្គស្នងការដ្ឋាននគរបាលជាតិ បានពិនិត្យឃើញព័ត៌មានលើបណ្ដាញ ទំនាក់ទំនងសង្គមបង្ហោះ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ដែលមានខ្លឹមសារថា ”ក្មេងស្រីម្នាក់ឈ្មោះ អ៊ោន សុខជី អាយុ ១៥ឆ្នាំ បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយសង្គ្រោះនាងពីប្រទេសចិនផង ដោយនាងបានចាញ់បោកមេខ្យល់ និងកំពុងរស់នៅយ៉ាងវេទនា ។ ព័ត៌មាននេះត្រូវបានគេ បង្ហោះសារជាថ្មីម្ដងទៀត និងចែកចាយលើបណ្ដាញទំនាក់ទំនងសង្គម។

បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្ត្រីជំនាញនៃនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការស្រាវជ្រាវផ្ទៀងផ្ទាត់ ទៅនឹងបណ្ដឹងរបស់ឈ្មោះ ឌុច អ៊ីម ភេទស្រី អាយុ ៥២ ឆ្នាំស្នាក់នៅភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវជាម្ដាយជនរងគ្រោះខាងលើ។

ហើយករណីនេះត្រូវបាន ជំនាញនៃនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសហការ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយអាជ្ញាធរចិន ជួយសង្គ្រោះជនរងគ្រោះ អ៊ោន សុខជី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដោយជោគជ័យ។ ក៏ប៉ុន្តែអំឡុងពេលជួយសង្គ្រោះ ក្មេងស្រីរងគ្រោះខាងលើ កំពុងមានផ្ទៃពោះ៥ខែ ផ្អែកតាមនីតិវិធីនៃប្រទេសចិន ពុំអាចបញ្ជូនរូបនាងឲ្យត្រឡប់មក ប្រទេសកម្ពុជាបាននោះទេ ដោយត្រូវរង់ចាំសម្រាលកូនរួចរាល់ ហើយអាជ្ញាធរចិនបានឱ្យរូបនាង ត្រឡប់ទៅស្នាក់នៅជាមួយប្ដី ជាជនជាតិចិនវិញ ដោយនគរបាលចិនដោះស្រាយ បញ្ហាពាក់ព័ន្ធនឹងការស្នាក់នៅ ខុសច្បាប់របស់នារីរងគ្រោះខាងលើ និងបានរៀបចំទិដ្ឋាការជូន គាត់ស្នាក់នៅស្របច្បាប់។ បច្ចុប្បន្ន នារីរងគ្រោះខាងលើរស់នៅ ឯប្រទេសចិនដោយសុវត្ថិភាព។

អនុវត្តគោលការណ៍ជំនាញ និងនីតិវិធី នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ បានស្រាវជ្រាវ ស៊ើបអង្កេត និងឈានដល់ការ ចាប់ខ្លួនមេខ្យល់ចំនួន ២នាក់៖

១.ឈ្មោះ ខេង ហុន ភេទស្រី អាយុ៥២ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្រែងមានជ័យ ខេត្តព្រះវិហារ។
២.ឈ្មោះ វឿង ភ័ណ្ឌ ភេទស្រី អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្រែងមានជ័យ ខេត្តព្រះវិហារ។

ជនសង្ស័យជាមេខ្យល់ខាងលើ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តចេញដីកា បង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្ត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានថ្លែងឲ្យដឹងថា នាយកដ្ឋាននឹងបន្តសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរចិន ដើម្បីសម្របសម្រួលឱ្យជនរងគ្រោះ ឈ្មោះ អ៊ោន សុខជី បានវិលត្រឡប់មកកម្ពុជាវិញ ។

LEAVE A REPLY

Please enter your comment!
Please enter your name here