អភិបាលខេត្ដបាត់ដំបង អំពាវនាវដល់អ្នកបម្រើសេវាកម្មដឹកជញ្ជូនទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩

0
12

បាត់ដំបង៖ លោក ងួន រតនៈ អភិបាលខេត្ដបាត់ដំបងអំពាវនាវដល់អ្នកបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរ ដែលមានអ្នករត់ម៉ូតូកង់បី និងផាស់ស្អាប់ជាដើម ត្រូវបន្តប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

លោក ងួន រតនៈ អភិបាលខេត្ដបាត់ដំបង បានមានប្រសាសន៍កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងចែកស្បៀងដល់អ្នករត់កង់បី និងផាស់ស្អាប់ ថា ខណៈនេះនៅប្រទេសថៃ មានការឆ្លងរីករាលដាលច្រើននូវជំងឺកូវីដ១៩ ក្នុងសហគមន៍ ហើយពលករខ្មែរកំពុងធ្វើការនៅទីនោះក៏បាននាំគ្នាត្រឡប់មកស្រុកកំណើតវិញដោយអ្នកខ្លះក៏បានឆ្លងជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ រួមទាំងពលករផ្សេងៗទៀត ត្រូវបានធ្វើចត្តាឡីស័កដោយត្រឹមត្រូវ។

លោកបន្តថា ដោយបញ្ហានេះ ក៏បានធ្វើឲ្យមានការព្រួយបារម្ភ ដូច្នេះសូមបងប្អូនជាអ្នកបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍ទាំងអស់ សូមមានការប្រុងប្រយ័ត្ន អនុវត្តនូវវិធានការអនាម័យ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល មានពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ លាងដៃនឹងទឹកស្អាត ជែល អាល់កុល ហើយត្រូវរក្សាគម្លាតសង្គមជាដើម ។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់អ្នករត់កង់បី និងផាស់ស្អាប់ ត្រូវចូលរួមថែរក្សាសណ្ដាប់ធ្នាប់ក្រុងតាមរយៈការបើកបរនិងការចតឲ្យមានរបៀបរៀបរយចៀសវាងបង្កការរំខានដល់ភ្ញៀវទេសចរ ឬអ្នករួមដំណើរលើផ្លូវតែមួយ ហើយក៏ត្រូវត្រៀមជានិច្ច នូវការទទួលភ្ញៀវទេសចរមកលេងកម្សាន្តនៅក្នុងខេត្ត ដើម្បីស្ដារជីវភាពឡើងវិញ នៅពេលជំងឺកូវីដ១៩ បានធូរស្បើយនៅទូទាំងពិភពលោក ខណៈបញ្ហាជំងឺកូវីដ១៩ដ៏កាច់សាហាវនេះ បានប៉ះពាល់ដល់មុខរបរអ្នកបម្រើសេវាកម្មដឹកជញ្ជូនទាំងអស់នេះ។

ពលរដ្ឋម្នាក់តំណាង អ្នកដែលបានទទួលអំណោយទាំងអស់ បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពួកគាត់ ហើយពួកគាត់សន្យា នឹងអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរ ។
គួរឲ្យដឹងផងដែរថា អំណោយផ្ដល់ជូនអ្នករត់កង់បី និងរត់ផាស់ស្អាប់នោះ រួមមានអង្ករ ត្រីខ សាប៊ូលាងដី ទឹកសុទ្ធ និងថវិកាមួយចំនួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here